ព័ត៌មានថ្មីៗ៖
 

ឧបទ្ទវ​​ហេតុ​អគ្គិ​​​ភ័យ​ក្នុង​​​​ថ្ងៃ​បុណ្យ​​​ចូល​ឆ្នាំ​ចិន​​​​-វៀត​​ណាម ម្ចាស់​​​​ទៅ​ស្រុក​​​​​ផ្ទះ​​1ល្វែង​​​​ឆេះ​ហ្មត់​​ ហាង​​​លក់​​ភេសជ្ជៈ​​​​ពន្លត់​​ទាន់

31 Jan 2014 08:51|ដោយ៖sopheaktra | ព័ត៌មានជាតិ | មើល៖ 1818 | មតិ៖
 
រាជធានី​ភ្នំពេញ​ ៖ ផ្ទះ​ថ្ម​មួយ​ល្វែង​ត្រូវ​ភ្លើង​ឆេះ​អស់​គ្រឿង​ក្នុង​គ្មាន​សល់ ខណៈ​ពេល​ម្ចាស់​ផ្ទះ​មិន​នៅ​ ដែល​តាម​ព័ត៌​មាន​ថា​បាន​ទៅ​លេង​ស្រុក​កំណើត​ក្នុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ចិន-​វៀត​ណាម​ ។ ហេតុ​ការណ៍​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ កាល​ពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០​ មករា​ តាម​បណ្តោយ​ផ្លូវ​បេតុង​មួយ​កន្លែង​ ខាង​ជើង​វត្ត​សំរោង​អណ្តែត​ប្រមាណ​៣០​ម៉ែត្រ​ ស្ថិត​ក្នុង​ភូមិ​បាយ៉ាប​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ។​ ​ លោក​ម៉ក់​ ហុង​ អធិការ​នគរបាល​ខណ្ឌ​សែន​សុខ​បាន​ឱ្យដឹង​ថា ផ្ទះ​ដែល​ត្រូវ​ភ្លើងឆេះ​អស់​គ្រឿង​ក្នុង​គ្មានសល់​នេះ​មាន​ទទឹង​៤​ម៉ែត្រ បណ្តោយ​១៧​ម៉ែត្រ​ ដែល​ម្ចាស់​​ផ្ទះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ​ ជ្រុង​ វិជ្ជ​រ៉ា ភេទ​ស្រី​ អាយុ​២៧​ឆ្នាំ ។​ មុន​ពេល​កើត​ហេតុ​ម្ចាស់​ផ្ទះ​ខាង​លើ​មិន​នៅ​ទេ​ គឺ​បាន​ចាក​ចេញ​ពី​ផ្ទះ​តាំងពីថ្ងៃ​ទី​២៨​ មករា​ ទៅ​ចូលរួម​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន-​វៀត​ណាម​នៅ​ឯ​ស្រុក​កំណើត​ក្នុង​ខេត្ត​កំពត ។​ លុះ​នៅ​វេលា​រំលង​អធ្រាត្រ​នោះ​ ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​ក្បែរៗ​នោះ​បាន​ឃើញ​ផ្សែង​ហុយ​ទ្រលោម​ចេញពី​ផ្ទះ​ខាង​លើ​ ទើប​រាយ​ការណ៍​ទៅ​សមត្ថ​កិច្ច​មូលដ្ឋាន​ ហើយភ្លាមៗ​នោះ​លោក​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ រួច​ហៅ​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​​ចំនួន​៣​គ្រឿង​មក​បាញ់​ទឹក​ពន្លត់​ទើប​មិន​បណ្តាល​ឱ្យ​អណ្តាត​ភ្លើង​ឆេះ​រាល​ដាល​ដល់​ផ​្ទះ​ដែល​នៅ​ក្បែរៗ​នោះ ។​ ទោះ​បី​ជា​បែប​ណា​ ក្នុង​ហេតុ​ការណ៍​នេះ​សម្ភារ​នៅ​ក្នុង​ផ្ទះ​ត្រូវ​ខូច​ខាត​អស់​ទាំង​ស្រុង​ ក្នុង​នោះ​ក៏​មាន​ម៉ូតូ​គុប​ជ្រុង​២​គ្រឿង​ និង​ម៉ូតូ​វ៉េវ​១គ្រឿង​​ផងដែរឆេះ​​សល់​តែ​ឆ្អឹង​ដែក ។​ តាម​ការ​សន្និដ្ឋាន​របស់​សមត្ថ​កិច្ច​ជំហាន​ដំបូង​ថា មក​ពី​ទុស្សេ​​ចរន្ត​ភ្លើងដែល​ម្ចាស់​ផ្ទះ​ត​អត់​បច្ចេក​ទេស​ ។​ ចំណែក​សម្ភារ​ដែល​ត្រូវ​ភ្លើង​ឆេះ​​នោះ សមត្ថ​កិច្ច​មិន​ទាន់​ដឹង​ថា​ អស់​ទឹក​ប្រាក់​ចំនួន​បុ៉ន្មាន​នោះ​ទេ។​ នៅ​ក្នុង​ហេតុ​ការណ៍​នេះ​ដែរ លោក​អធិការ​នគរបាល​ខណ្ឌ​សែនសុខ​ ក៏​បាន​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ខណ្ឌ​ទាំង​អស់​ និង​ក្នុង​រាជ​ធានី​ភ្នំពេញ​ ឱ្យ​ប្រុង​ប្រយ័ត្ន​ក្នុងការ​ដុត​ទៀន​ធូបសែន​ព្រេន​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន-​វៀត​ណាម​នេះ​ដើម្បី​​កុំ​ឱ្យ​មាន​ករណី​អគ្គិ​ភ័យ​ដូច​ផ្ទះ​ខាង​លើ​ ៕​
 
ផ្កាយព្រឹក
 
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner