ព័ត៌មានថ្មីៗ៖
 

តួយ៉ូតា​ព្រូស​បុក​ទួរីស​ពេញ​ទំហឹង​ឆ្លង​ភ្លើង​ឆេះ

01 Feb 2014 08:52|ដោយ៖sopheaktra | ព័ត៌មានជាតិ | មើល៖ 1803 | មតិ៖
 

រាជធានី​ភ្នំពេញ ៖ រថ​យន្ត​តូ​យ៉ូ​តា​ព្រូស​១​គ្រឿង​ត្រូវ​ភ្លើង​ឆេះ​ក្រោយ​ពី​បាន​រេ​ចង្កូត​ទៅ​បុក​រថ​យន្ត​ទេស​ចរណ៍​២៥​កៅ​អី​ ក្នុង​ទិស​ដៅ​បញ្ច្រាស​ទិស​គ្នា​​ពេញ​ទំហឹង​ ។ មុន​ពេល​ឆេះ​ចេញ​ជា​អណ្តាត​ភ្លើង​ រថ​យន្ត​នេះ​បាន​បោក​ផ្ទុប​នឹង​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បាក់​អស់​៣​កង់​ធ្វើ​ឱ្យ​ឆ្លង​ចរន្ត​ ទើប​ឆាប​ឆេះ​សន្ធោសន្ធៅ​តែ​ម្តង​ ។ ក្រោយ​ពេល​អន្តរា​គមន៍​ពី​រថ​យន្ត​ពន្លត់​អគ្គិ​ភ័យ​បាញ់​ទឹក​ពន្លត់​អស់​មួយ​គ្រឿង​​ ទើប​អណ្តាត​ភ្លើង​បាន​រលត់​ទៅ​វិញ​ ។

ហេតុ​ការណ៍​នេះ​កើត​ឡើង​ នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៣១​ ខែ​មករា នៅ​ចំណុច​មុខ​វិទ្យា​ល័យ​ជា​ សីុម​ សាម​គ្គី​ លើ​កំណាត់​ផ្លូវ​លេខ​២៧១ សង្កាត់​បឹង​សាឡាង​ ខណ្ឌ​ទួល​គោក​ ។ប្រភព​ព័ត៌​មាន​ពី​សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​នៅ​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា គេ​បាន​ឃើញ​រថ​យ​ន្ត​មា៉ក​តូ​យ៉ូ​តា​ព្រូស​ ពណ៌​ស បិទ​ស្លាក​លេខ​បណ្តោះ​​អាសន្ន​ 1287 បើក​បរ​ពី​ត្បូង​ទៅ​ជើង​ ចំណែក​រថ​យន្ត​ទេស​ចរណ៍​២៥​កៅ​អី​ ពណ៌​ស បើក​បរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​ទិស​គ្នា​ ។ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​មុខ​វិទ្យា​ល័យ​ជា​ សីុម​ សាម​គ្គី​ មិន​មាន​របាំង​ថ្ម​ពុះ​ចែក​ផ្លូវ​ទេ ស្រាប់​តែ​រថ​យន្ត​តូ​យ៉ូ​តា​ព្រូស​ បាន​រេ​ចង្កូត​ទៅ​បុក​រថ​យន្ត​ទេស​ចរណ៍​ពេញ​ទំហឹង​ចំពី​មុខ​ចំហៀង​ខាង​ឆ្វេង​ និង​ជ្រុល​ទៅ​បោក​នឹង​គូទ​រថ​យន្ត​ទួ​រីស​ថែម​ទៀត​ បណ្តាល​ឱ្យ​រថ​យន្ត​តូ​យ៉ូ​តា​ព្រូស​វិល​ខ្ញាល់​ទៅ​បោក​ផ្ទុប​នឹង​របាំង​ថ្ម​ពុះ​ចែក​ផ្លូវ​ដែល​នៅ​ជិត​នោះ​បាក់​អស់​៣​កង់​ បណ្តាល​ឱ្យ​រថ​យន្ត​ខូច​ខាត​មួយ​កំណាត់​មុខ​យា៉ង​ដំណំ​ ចំណែក​រថ​យន្ត​ទេស​ចរណ៍​ដាច់​កា​ឡេ​កង់​មុខ​ចំហៀង​ខាង​ឆ្វេង​ដែរ​ ។

ស្រប​ពេល​ជាមួយ​គ្នា​នោះ​ ខណៈ​ពេល​សមត្ថ​កិច្ច​កំពុង​តែ​ទៅ​ធ្វើ​ការ​វាស់​វែង​ ស្រាប់​តែ​រថ​យន្ត​តូ​យ៉ូ​តា​ព្រូស​នោះ​ឆ្លង​ចរន្ត​ឆេះ​ហុយ​ផ្សែង​ចេញ​ពី​គូទ​​ក្រោយ​ ហើយ​ក៏​ឆាប​ឆេះ​សន្ធោសន្ធៅ​តែ​ម្តង បើ​ទោះ​បី​ប្រជា​ពល​រដ្ឋ​ជិត​ខាង​ត​ទុយោ​ទឹក​បាញ់​ពន្លត់​ក៏​អត់​រលត់​ដែរ​ ទើប​បាន​ទូរ​ស័ព្ទ​ហៅ​រថ​យន្ត​ពន្លត់​អគ្គិ​ភ័យ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ​ប្រចាំ​ការ​នៅ​ខណ្ឌ​ទួល​គោក​ជិត​កន្លែង​កើត​ហេតុ​ ចេញ​ទៅ​បាញ់​ពន្លត់​អស់​មួយ​គ្រឿង​ ទើប​រលត់​ទាំង​ស្រុង​ ។

រថ​យន្ត​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​សមត្ថ​កិច្ច​ធ្វើ​ការ​វាស់​វែង​ រួច​យក​ទៅ​រក្សា​ទុក​នៅ​ការិយា​ល័យ​នគរ​បាល​ចរាចរណ៍​ផ្លូវ​គោក​រង់​ចាំ​ធ្វើ​ការ​ដោះ​ស្រាយ​ ។ ការ​បើក​បរ​នៅ​ពេល​យប់​ម្ចាស់​យាន​យន្ត​ភាគ​ច្រើន​ តែ​ង​បាន​ប្រើ​ប្រាស់​ល្បឿន​ហួស​កំណត់​ ហើយ​បើ​មាន​ការ​បុក​ឬ​ប៉ះ​ទង្គិច​គ្នា​នោះ​ ច្រើន​តែ​ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​ ៕

 
ព្រះអាទិត្យ
 
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner