ព័ត៌មានថ្មីៗ៖
 

គ្រោះ​ថ្នាក់​ក្រឡាប់​រថយន្ត​លោក​អភិបាល​ខេត្ត​កែប លោក​កែន សត្ថា និង​កូន​ស្រី​របួស​ស្រាល​ ភរិយាស្លាប់

01 Feb 2014 09:05|ដោយ៖sopheaktra | ព័ត៌មានជាតិ | មើល៖ 1748 | មតិ៖
 

ខេត្ត​កំពត​ ៖ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ក្រឡាប់​រថយន្ត​មួយ​ករណី​ បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ព្រោះ​តែ​គេ​ដឹង​ថា​ជា​រថយន្ត​របស់​លោក​អភិបាល​ខេត្ត​កែប​ គឺ​លោក​ កែន​ សត្ថា​ ម៉ាក​ឡិច​សុីស​៤៧០​ ពណ៌ស​ ដែល​បើក​បរ​ដោយ​ខ្លួន​លោក​ផ្ទាល់​ និង​ជិះ​គ្នា​៣​នាក់​ ប្រពន្ធ​ និង​កូន​ស្រី​ ចេញ​ពី​ក្រុង​កំពត​ ឆ្ពោះ​ទៅ​ខេត្ត​កែប​ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣៣​ កំពត​-កំពង់​ត្រាច​ ។​

តាម​ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ថា​ ពេល​កំពុង​បើក​បរ​នោះ​ ក៏​បាន​វាក់​ និង​កាច់​ចង្កូត​យ៉ាង​តក់​ក្រហល់​គេច​នឹង​ម៉ូតូ​ដែល​មាន​ដាក់​ជាល​សង​ខាង​ សម្រាប់​ដឹក​ផ្លែ​ឈើ​ នៅ​ចំណុច​ខាង​កើត​សាលា​ឃុំ​ត្រពាំង​សង្កែ​ ស្រុក​ទឹក​ឈូ​ បណ្តាល​ឱ្យ​រថយន្ត​ក្រឡាប់​ជា​ច្រើន​ត្រឡប់​ ។​ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩​ និង​១០​នាទី​យប់​ ថ្ងៃ​ទី​៣០​ មករា​ ។​

ប្រភព​ព័ត៌​មាន​ពី​មន្ត្រី​នគរ​បាល​ចរា​ចរណ៍​ស្រុក​ទឹក​ឈូ​ ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ រថយន្ត​ឡិច​សុីស​៤៧០​ របស់​លោក​អភិបាល​ខេត្ត​កែប​ បើក​បរ​ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣៣​ ។ នៅ​ត្រង់​ចំណុច​កើត​ហេតុ​ គឺ​ជា​ផ្លូវ​កំពុង​សាង​សង់​ ដោយ​មាន​ចាក់​ថ្ម​ខ្ពស់​ម្ខាង​ ទាប​ម្ខាង​ ឯ​រថយន្ត​របស់​លោក​អភិ​បាល​ខេត្ត​ បើក​បរ​លើ​ផ្លូវ​ខ្ពស់​ ចំណែក​ម៉ូតូ​ដែល​បើក​ស្រប​ទិស​គ្នា​ នៅ​ពី​ខាង​មុខ​រថយន្ត​ បើក​តាម​ផ្លូវ​ទាប​ ។

លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ ដោយ​សារ​ចាំង​ភ្លើង​រថយន្ត​មក​ពី​មុខ​ផង​ ថែម​ទាំង​វាក់​នឹង​ម៉ូតូ​ទៀត​ រថយន្ត​ក៏​បួង​ចង្កូត​រេ​មក​ទទឹង​ផ្លូវ​ រួច​ក្រឡាប់​ជា​ច្រើន​ត្រឡប់​ ប៉ះ​ទាំង​ម៉ូតូ​ដែល​កំពុង​ជិះ​ស្រប​ទិស​គ្នា​នោះ​ដួល​ បណ្តាល​ឱ្យ​អ្នក​បើក​ម៉ូតូ​ និង​អ្នក​រួម​ដំណើរ​ពីរ​នាក់​ទៀត​ រង​របួស​ស្រាល​។​ ចំណែក​រថយន្ត​ ក្រោយ​ពី​ក្រឡាប់​រួច​មក​ គេ​ឃើញ​លោក​អភិបាល​ខេត្ត​កែប​ និង​កូន​ស្រី​ម្នាក់​ ដែល​អង្គុយ​នៅ​បាំង​ខាង​មុខ​ រង​របួស​ស្រាល​ រីឯ​ភរិយា​របស់​លោក​ ដែល​អង្គុយ​ខាង​ក្រោយ​ រង​របួស​ធ្ងន់​ និង​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​កំពត​ ប៉ុន្តែ​ក្រោយ​មក​ក៏​បាន​ស្លាប់​ ។​

ប្រភព​ពី​ប្រជា​ពល​រដ្ឋ​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​និយាយ​ថា​ តាម​ស្តាប់​ឮ​ស្នូរ​រថយន្ត​ក្រឡាប់​នេះ​ មិន​សម​ថា​ មាន​មនុស្ស​រង​របួស​ស្រាល​ទេ​ ពី​ព្រោះ​ស្នូរ​រថយន្ត​ក្រឡាប់​លាន់​ដូច​រន្ទះ​ ។​ រីឯ​ប្រភព​ផ្សេង​ទៀត​និយាយ​ថា​ អ្នក​រង​របួស​ស្រាល​ក្នុង​ហេតុ​ការណ៍​ខាង​លើ​នេះ​ ដោយ​សារ​បាន​ខ្សែ​ក្រវាត់​សុវត្ថិ​ភាព​ជួយ​ រីឯ​អ្នក​អង្គុយ​នៅ​ខាង​ក្រោយ​គឺ​ភរិយា​លោក​អភិបាល​ខេត្ត​ដែល​ស្លាប់​ មិន​បាន​ពាក់​ខ្សែ​ក្រវាត់​សុវត្ថិ​ភាព​ទេ​ ។​

ភរិយា​លោក​អភិបាល​ខេត្ត​កែប​ ឈ្មោះ​ សុង​ សូរី​ដែត​ អាយុ​៦០​ឆ្នាំ​ ។​ សព​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​តម្កល់​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ នៅ​ឯ​លំនៅ​ឋាន​របស់​លោក​អភិបាល​ខេត្ត​កែប​ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ធំ​ ឃុំ​ជុំ​គ្រៀល​ ស្រុក​ទឹក​ឈូ​ ខេត្ត​កំពត​ ៕​

 
ព្រះអាទិត្យ
 
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner