ព័ត៌មានថ្មីៗ៖
 

គ្រោះ​អគ្គិភ័យ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន​ឆេះ​វិហារ​វត្ត​ភ្នំ​ក្រោម​

01 Feb 2014 09:10|ដោយ៖sopheaktra | ព័ត៌មានជាតិ | មើល៖ 1797 | មតិ៖
 

ខេត្ត​​សៀមរាប​ ៖ ព្រះវិហារ​វត្ដ​ភ្នំក្រោម​  ស្ថិត​នៅ​ក្នុង​ភូមិ​ភ្នំក្រោម​ សង្កាត់​សៀមរាប​ ក្រុង​សៀមរាប​ ជាប់​នឹង​តំបន់​រមណីយ​ដ្ឋាន​មាត់​បឹង​ទន្លេសាប​ចុង​ឃ្នៀស​ បាន​ត្រូវ​អគ្គិភ័យលេប​ត្របាក់​បណ្ដាល​ឱ្យ​មាន​ផ្សែង​ខ្មៅ​ខ្មួល​ខ្មាញ់​ទៅ​លើ​អាកាស​ ក៏​ប៉ុន្ដែ​មិន​បង្ក​ឱ្យ​អន្ដរាយ​ទាំង​ស្រុង​ទេ​ ខណៈ​អង្គភាព​ពន្លត់​អគ្គិភ័យ​ចំនួន​ពីរ​គឺ​កង​រាជអាវុធហត្ថ​ និង​នគរ​បាល​ខេត្ដ​ បាន​ចុះ​ជួយ​អន្ដរាគមន៍​ទាន់​ពេល ។​ ​​​ ​

មន្ដ្រី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឱ្យ​ដឹង​ថា​ ឧបទ្ទវ​ហេតុ​ដ៏​អាក្រក់​នេះ​កើត​ឡើង​កាល​ពី​វេលា​រំលង​អធ្រាត្រ​ ហើយត្រូវ​បាន​ព្រះសង្ឃ​ដឹង​នៅ​ពេល​ថ្វាយ​បង្គំ​ព្រះ​ និង​រាយការណ៍​ឱ្យ​សមត្ថ​កិច្ច​ដឹង​នៅ​វេលា​ម៉ោង​ប្រមាណ​៧​ព្រឹក​ថ្ងៃ​ទី​៣១​ មករា​ ។​ ទោះបីជា​យ៉ាង​ណា​ ពុំ​មាន​សេចក្ដី​រាយ​ការណ៍​ពី​ចំនួន​ព្រះសង្ឃ​រង​របួស​នៅ​ក្នុង​ហេតុ​ការណ៍​នោះ​ទេ​ គ្រាន់​តែ​មាន​ការ​អះអាង​ថា​ ពិតាន​ព្រះវិហារ​ចំនួន​៨​ផ្ទាំង​ទំហំ​ប្រមាណ​១០០​ម៉ែត្រ​ការ៉េ​ និង​គ្រឿង​សក្ការ​បូជា​មួយ​ចំនួន​ដែល​មាន​តម្លៃ​ប្រមាណ​២​ម៉ឺុន​ដុល្លារ​បាន​ក្លាយ​ជា​ចំណី​ភ្លើង។​

ទាក់​ទិន​នឹង​ហេតុការណ៍ឆេះ​ព្រះវិហារ​នេះ​ នាយ​ប៉ុស្ដិ៍​សង្កាត់​សៀមរាប​ លោក​អនុសេនីយ៍​ត្រី​ ដា​ ចំរើន​ បាន​ថ្លែង​ប្រាប់​ថា​ ភ្លើង​ទំនង​ជា​ចាប់​ផ្ដើម​ឆេះ​ព្រះវិហារ​តាំង​ពី​ពាក់​កណ្ដាល​អធ្រាត្រ​មក​ម៉្លេះ​ ដោយ​គ្មាន​អ្នកណា​ម្នាក់​ដឹង​ លុះ​ដល់​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​៣១​ មករា​ ពេល​ព្រះសង្ឃ​និមន្ដ​ទៅ​ថ្វាយ​បង្គំ​ព្រះ​ ទើប​ដឹង​ពី​ហេតុការណ៍​ឆេះ​នេះ​ ហើយ​រាយការណ៍​ដល់សម​ត្ថកិច្ច​មូល​ដ្ឋាន​នៅ​វេលា​ម៉ោង​៧​ព្រឹក។​

លោក​បាន​បញ្ជាក់​ថា​ ពី​ដំបូង​ឡើយ​ ទំនង​ជា​ព្រះសង្ឃ​មាន​បំណង​ចង់​លាក់បាំង​ពី​ហេតុ​ការណ៍​នោះ​ ព្រោះ​ពេល​ដឹង​ហេតុការណ៍​ភ្លាម​ពុំ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ ឬ​ប្រកូក​ប្រកាស​ប្រាប់​​ប្រជាព​លរដ្ឋ​នៅជុំវិញ​វត្ដ​ឱ្យ​ជួយ​ពន្លត់​ភ្លើង​ទេ​ ដោយ​សម្ងំ​ដង​ទឹក​ស្រោច​ពន្លត់​ភ្លើង​ស្ងាត់ៗ​ លុះ​ដល់​ឃើញ​មាន​ភ្លើង​ឆេះ​ចេញ​ពី​ដំបូល​ព្រះ​វិហារ​ ទើប​រាយការណ៍​ប្រាប់់​សមត្ថកិច្ច​ ។​

លោក​បាន​បន្ថែម​ថា​ រហូត​មក​ទល់​ពេល​នេះ​ សមត្ថកិច្ច​មិន​ទាន់​បានស្រាវ​ជ្រាវ​​រក​មូល​ហេតុ​ដែល​នាំ​ឱ្យ​ឆេះ​នៅ​ឡើយ​ទេ​ គ្រាន់​តែ​សន្និដ្ឋាន​ជំហាន​ដំបូង​ថា​ អាចបណ្ដាល​មក​ពី​ភ្លើង​ទៀន​​ធំៗ​ដែល​អុជ​ទុក​ចោល​នៅមុខ​ព្រះ​បដិមា​ក្នុង​ព្រះ​វិហារ​ ហើយ​ឆាប​រាល​ដាល​ទៅដល់​ធូប​ទៀន​ និង​គ្រឿង​តង្វាយ​ជា​ច្រើ​នទៀត​ ដែល​សុទ្ធសឹង​ជា​របស់​ងាយឆេះ​ តម្កល់​នៅ​កន្លែង​ថ្វាយ​បង្គំ​ព្រះ​នោះ​ ។​

ព្រះចៅ​អធិការ​វត្ដ​ភ្នំក្រោម​​ ព្រះ​នាម​ ហាប់​ ចយ​ ព្រះជន្ម​ ៦៣​ឆ្នាំ​ បាន​មានថេរដីកា​ថា​ នៅ​ក្នុង​ហេតុការណ៍​នោះ​មាន​ការ​ខូច​ខាត​តិច​តួច​ទេ​ គិត​ជា​ទឹក​ប្រាក់​ប្រហែល​២​ម៉ឺុន​ដុល្លារ​ ក្នុង​នោះ​មាន​គ្រែ​ទេស​នា​​ចំនួន​២​ ព្រំ​ចំនួន​២​ កម្រាល​លោក​គង់​ចំនួន​៨​ផ្ទាំង​ និង​ឆេះ​ពិតាន​ព្រះវិហារ​ដែល​មាន​គូរ​រូប​ព្រះ​ពុទ្ធ​អង្គ​ចំនួន​៧​ផ្ទាំង​ ទំហំ​ជិត​១០០​ម៉ែត្រ​ការ៉េ​ ។​ ដោយ​ឡែក​ ព្រះ​ពុទ្ធ​បដិមា​ដែល​តម្កល់​នៅ​ក្នុង​ព្រះ​វិហារ​ទាំង​តូច​ ទាំង​ធំ​ សុទ្ធ​សឹង​ធ្វើ​ពី​សុីុម៉ង់ត៍​ ដូច្នេះ​ពុំ​មាន​ការ​ខូច​ខាត​ធំ​ដុំ​​ទេ​ គ្រាន់​តែ​ឆេះ​រោល​ភ្លើង​តិច​តួច​ប៉ុណ្ណោះ​ ។​

ព្រះ​អង្គ​មាន​ថេរដីកា​បន្ថែម​ថា​ ហេតុ​ការណ៍​នេះ​ព្រះ​អង្គ​ពុំ​មាន​សង្ស័យ​ពី​អ្នក​ណា​ចូល​លួច​ដុត​អ្វី​ទេ​ ក្រៅ​ពី​សង្ស័យ​ទៅ​លើ​ភ្លើង​ទៀន​ដែល​ដុត​ទុក​ចោល​ និង​ទុស្សេ​ចរន្ត​អគ្គិសនី​ ។​ ព្រះ​អង្គ​ក៏​បាន​ថ្លែង​អំណរ​គុណ​ទៅ​ដល់​អាជ្ញា​ធរ​មាន​សមត្ថ​កិច្ច​ទាំង​អស់​ ដែល​បាន​ដុត​ដៃ​ដុត​ជើង​ បញ្ជូន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​អន្តរា​គមន៍​ពន្លត់​ទាន់​ពេល​វេលា​ បើ​ពុំ​ដូច្នេះ​ទេ​ ព្រះ​វិហារ​ទាំង​មូល​ច្បាស់​ជា​ត្រូវ​ឆេះ​គ្មាន​សល់​ជាក់​ជា​មិន​ខាន​ ។​

គួរ​បញ្ជាក់​ថា​ កាល​ពី​ឆ្នាំ​កន្លង​ទៅ​ ព្រះ​វិហារ​វត្ត​ចេតិយ​ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​វត្ត​ភ្នំ​ក្រោម​ ក៏​ត្រូវ​ភ្លើង​ឆេះ​ដែរ​ បណ្តាល​ឱ្យ​អន្តរាយ​ព្រះ​វិហារ​ទាំង​មូល​ រួម​ទាំង​ព្រះ​ពុទ្ធ​បដិមា​ជា​ច្រើន​អង្គ​ និង​គ្រឿង​តង្វាយ​ជា​ច្រើន​ផ្សេង​ទៀត​ ត្រូវ​ឆេះ​​ខ្ទេច​ខ្ទី​គ្មាន​សល់​ ដោយ​សារ​តែ​ក្រុម​រថយន្ត​ពន្លត់​អគ្គិភ័យ​ មិន​អាច​ទៅ​អន្តរា​គមន៍​បាន​ទាន់​ពេល​ ។​ ជុំវិញ​ការ​ចុះ​អន្តរា​គមន៍​ចុង​ក្រោយ​ សមត្ថ​កិច្ច​អះ​អាង​ថា​ គេ​បាន​បញ្ជូន​រថយន្ត​​ពន្លត់​អគ្គិ​ភ័យ​ទៅ​ដល់​៥​គ្រឿង​ ដោយ​បាញ់​ទឹក​អស់​ចំនួន​១១​ រថយន្ត​ ក្នុង​នោះ​រថយន្ត​អង្គ​ភាព​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ចំនួន​៤​គ្រឿង​ និង​រថយន្ត​នគរ​បាល​ខេត្ត​ចំនួន​មួយ​គ្រឿង​ផង​ដែរ​ ។​

សូម​បញ្ជាក់​ថា​ នៅ​ព្រឹក​នោះ​ដែរ​ ក្រៅ​ពី​មាន​ឆេះ​ព្រះ​វិហារ​នៅ​វត្ត​ភ្នំ​ក្រោម​ ក៏​មាន​សេចក្តី​រាយ​ការណ៍​ដាច់​ដោយ​ឡែក​មួយ​ទៀត​ថា​ លំនៅ​ឋាន​ប្រជា​ពល​រដ្ឋ​មួយ​ខ្នង​ សង់​ពី​ឈើ​ប្រក់​ស្បូវ​ នៅ​ក្បែរ​វត្ត​ពោធិ​វង្ស​ ក្នុង​ភូមិ​ត្រពាំង​សេះ​ សង្កាត់​គោក​ចក​ ក្រុង​សៀម​រាប​ ត្រូវ​បាន​ព្រះ​អគ្គី​លេប​ត្របាក់​អស់​គ្មាន​សល់​ មុន​នឹង​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​របស់​សមត្ថ​កិច្ច​ទៅ​ដល់​ ៕​

 
 
ព្រះអាទិត្យ
 
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner