ព័ត៌មានថ្មីៗ៖
 

ក្រូចពោធិ៍សាត់​ដែល​ល្បី​ថា​ឆ្ងាញ់​ជាងគេ​គឺ​នៅ​ខេត្តបាត់ដំបង​

06 Feb 2014 09:37|ដោយ៖sopheaktra | កសិកម្ម | មើល៖ 4752 | មតិ៖
 

បាត់ដំបង ៖ តាំងពី​សម័យ​ដើមការ​ល្បី​រន្ទឺ​តៗ​គ្នា​ថា​ផ្លែក្រូច​ពោធិ៍សាត់​ដែល​មានឱជារស់​ឆ្ងាញ់​គឺ​មានតែ​ខេត្តបាត់ដំបង​ប៉ុណ្ណោះ​ដោយ​ផលដំណាំ​នេះ​ភាគច្រើន​ចេញពី​ចំការ​នៅ​ស្រុក​បាណន់​ដែល​ពោរពេញ​ដោយ​ដីចំការ​ដ៏​មាន​ជីវជាតិ​គ្មាន​គូរ​ប្រៀប​។​

​ប៉ុន្ដែ​មួយ​រយៈ​ក្រោយនេះ​ទោះបីជា​ស្រុក​បាណន់​មានការ​អន់ថយ​នូវ​ជីវជាតិ​និង​ធ្វើអោយ​ផលដំណាំ​ក្រូច​នេះ​មានការ​អន់ថយ​ផ្នែក​រសជាតិ​យ៉ាងណាក៏ដោយ​ក៏​មាន​ចំការ​នៅ​តាម​បណ្ដា​ស្រុក​ជាច្រើន​ទៀត​ដែល​កំពុង​បន្ដ​វេន​ពី​ស្រុក​បាណន់​នេះ​ផង​ដែរ ដូចជា​ស្រុក​បរវេល ​ស្រុក​ឯក​ភ្នំ និង​ចំណុច​ភូមិ​អូរ​ខ្ជាយ ក្នុង​ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ​ជាដើម​។​ល​។​

​ដោយសារ​តែមាន​ភ្ញៀវ​ជាតិ​និង​អន្ដរជាតិ​ពិសេស​ប្រជាពលរដ្ឋ​ក្នុងស្រុក​ដែល​កំពុង​ពេញចិត្ត​ទៅលើ​រសជាតិ​នៃ​ក្រូចពោធិ៍សាត់​របស់​ខេត្តបាត់ដំបង​បែបនេះ​ទើប​កម្ពុ​ជាថ្មី​បាន​ចុះ​ទៅដល់​ចំការ​តែម្ដង​ដើម្បី​បង្ហាញ​អំពី​ផលដំណាំ​នេះ​ថា​តើ​ការដាំដុះ​និង​ការប្រមូល​ផល​គេ​ធ្វើ​ដូចម្ដេច​ខ្លះមក​ជំរាបជូន​ប្រិយមិត្ត​អ្នកអាន​ផងដែរ ព្រោះ​ផលដំណាំ​ក្រូចពោធិ៍សាត់​នេះ​សូម្បីតែ​អ្នកជំងឺ​ក៏​តែងតែ​ត្រូវការ​ផងដែរ​ដោយសារតែ​ផ្លែក្រូច​វា​មាន​ផ្ទុក​ដោយ​វីតាមីន​ជាច្រើន​មុន​សំរាប់​ជួយ​ទ្រទ្រង់​ដល់​សុខភាព​របស់​អ្នកជំងឺ​ថែមទៀត​ផង​។​

​នៅ​ចំពោះមុខ​ម៉ាស៊ីន​ថត​របស់​កម្ពុ​ជាថ្មី​លោក សាយ សឺត អាយុ​៦៧​ឆ្នាំ រស់នៅ​ភូមិ​អូរ​ខ្ជាយ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្តបាត់ដំបង​ដែលជា​ម្ចាស់​ចំការ​ក្រូច​ព្រមទាំង​មាន​ដើម​ប្រមាណ​២០០​ដើម​ផង​នោះបាន​រៀបរាប់ថា ការដាំ​ដំណាំ​នេះ​មានការ​ខុសគ្នា​ពី​សម័យមុន​មក​សម័យនេះ ព្រោះ​លោក​បាន​ប្រកបមុខរបរ​នេះ​តាំងពីដើម​មកម្ល៉េះ ដោយ​កាលពី​សម័យមុន​ការដាំ​កូន​ក្រូចពោធិ៍សាត់​ដែល​ផ្សាំ​មែក​គាត់​យកមក​ដាំ​ត្រូវ​ប្រើ​ចំងាយ​ពីគ្នា​ប្រមាណ​៥​ម៉ែត្រ​ដោយសារតែ​ដី​សំបូរ​ជីវជាតិ ហើយ​ប្រើតែ​ជីលា​មក​គោ​តែប៉ុណ្ណោះ​ក៏​មែក​អាច​សាខា​ដល់​គ្នា​ផងដែរ ហើយ​រយៈពេល​ប្រមាណ​៥​ឆ្នាំ​ទើបបាន​ទទួលផល​ជា​លើកដំបូង ព្រមទាំង​អាច​ទទួលផល​ប្រមាណ​ជាង​១០​ឆ្នាំ​ដោយ​ក្នុង​១​ដើមៗ​អាច​ទទួលបាន​ថ្លៃ​ប្រមាណ​៥​ស្លឹក​ស្មើនឹង​២.០០០​ផ្លែ​ឯណោះ​។​

​លោក សាយ ឆឺ​ត បាន​បន្ដថា បច្ចុប្បន្ន​ដី​មាន​សភាព​ថយ​ជីវជាតិ​បន្ដិច​ទើប​លោក​សំរេចចិត្ត​ដាំ​ក្នុង​រយៈ​ចំងាយ​តែ​៣​ម៉ែត្រ​ពីគ្នា​តែប៉ុណ្ណោះ ហើយ​ទិន្នផល​ក៏​ថយចុះ​ដែរ​ដោយ​ទទួល​បានតែ​ពី​៥​ផ្លូន​ស្មើនឹង​២០០​ផ្លែ​ដល់​ជាង​១​ស្លឹក​គឺជា​ង​៤០០​ផ្លែ​តែប៉ុណ្ណោះ​ក្នុង​១​ដើម ហើយ​អាច​ទទួលផល​បានតែ​ប្រមាណ​ជាង​៥​ឆ្នាំ​គឺ​ដើម​ក្រូច​អាច​ស្លាប់​។​

​លោក​ក៏បាន​សង្កត់ធ្ងន់ថា ទោះបីជា​យ៉ាងនេះ​ក្ដី​ក្នុង​ឱជារស​របស់​វា​មិន​ចាញ់​ក្រូច​នៅ​ស្រុក​បរវេល​ឬក៏​ស្រុក​បាណន់​ឡើយ គឺ​នៅតែ​រក្សា​រសជាតិ​ផ្អែម​ដដែល ហើយ​លោក​មិនចាំបាច់​ដើរ​ប្រមូល​ផល​ទៅ​លក់​នៅ​ទីផ្សារ​ឡើយ​ពេល​ដល់​រដូវ​វា​គឺមាន​ដង្ខៅ​ក្រូច​គេ​ចុះទៅ​ម៉ៅ​ដល់​ចំការ​តែម្ដង ហើយ​បច្ចុប្បន្ន​តំលៃ​ក្រូចពោធិ៍សាត់​ដែល​ទិញ​ដល់​ចំការ​គឺ​១​ផ្លូន​បានតែ​២​ម៉ឺន​រៀល​ដល់​៣​ម៉ឺន​រៀល​តែប៉ុណ្ណោះ​។​

​ដើម​ក្រូចពោធិ៍សាត់​មាន​ចំណុច​សំខាន់​ម្យ៉ាង​គឺ​ដើម​វា​ត្រូវការ​ទឹក​ច្រើនណាស់​បើ​គេ​បូមទឹក​ស្រោច​វា​នៅ​រដូវប្រាំង​គឺ​ដាក់​ទាល់តែ​ដើរ​ស្លុះ​ជើង​ទើប​ឈប់ ប៉ុន្ដែ​បើ​មាន​ទឹកជំនន់​លិច​តែ​រយៈពេល​៣​ថ្ងៃ​ក្រូ​វ​នោះ​ត្រូវតែ​ខូច និង​ស្លាប់​ទាំងអស់​នេះហើយ​ដែលជា​បញ្ហា​។​

​បច្ចុប្បន្ន​ដើម​ក្រូច​ត្រូវការ​ជីគីមី​តែ​ម្យ៉ាង​ប៉ុណ្ណោះ ជី​អ៊ុយ​រេ​សំរាប់​បំប៉ន​ដើម​និង​ផ្លែ ដោយ​ខុសពី​សម័យ​ដើម​ដែល​ប្រើតែ​ជីលា​មក​សត្វ​៕

 
 
 
និយម​រ័ត្ន
 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner