ព័ត៌មានថ្មីៗ៖
 

សា្ល​ប់​៣​នាក់ របួសធ្ងន់​និង​ស្រាល​១០​នាក់ ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​រថយន្ត​២​គ្រឿង​បុក​គ្នា​នៅ​ផ្លូវជាតិ​លេខ​៤

03 Feb 2014 10:35|ដោយ៖phanith | ព័ត៌មានជាតិ | មើល៖ 1822 | មតិ៖
 

ព្រះ​សីហនុ​៖ មនុស្ស​ប្រុស​ស្រី​ចំនួន ៣ នាក់​បាន​ស្លាប់​នៅ​និង​កន្លែង និង​១០​នាក់​ទៀត កំពុង​របួសធ្ងន់​និង​ស្រាល ដោយសារ​រថយន្ត​តូច​ពីរ​គ្រឿង បាន​បើក​បញ្ច្រាសទិស​គ្នា បុក​គ្នា​យ៉ាង​ពេញទំហឹង លើ​ដង​ផ្លូវជាតិ​លេខ​៤​។


​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នោះ បានកើត​ឡើង​នៅលើ​ដងផ្លូវ​ជាតិ​លេខ ​៤ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ ១៤៧-១៤៨ ស្ថិតក្នុង​ភូមិ​គី​រី​វ​ន្ត័ ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​ព្រឹក ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៤​នេះ​។


​សាក្សី​នៅ​កន្លែងកើតហេតុ បាន​និយាយថា រថយន្ត​កាមរី​ហាយ​ព្រីក ពណ៌​ស ពាក់​ស្លាក​លេខ 2U 6788 មាន​ទិសដៅ​ពី​ភ្នំពេញ មក​ក្រុងព្រះសីហនុ បាន​បុក​ជាមួយ​រថយន្ត​ម៉ាក​តូយ៉ូតា សាយ​អន ពណ៌​ឈាមជ្រូក ពាក់​ស្លាក​លេខ 2L 4591 បណ្តាល​រថយន្ត​​តូយ៉ូតា​មួយ​នេះ ក្រឡាប់​ធ្លាក់​ថ្នល់ ធ្វើ​ឲ្យ​មនុស្ស​ជិះ​ក្នុង​រថយន្ត​សាយ​អន នោះ ស្លាប់​អស់​៣​នាក់​ភ្លាមៗ​នៅ​និង​កន្លែង (​ស្រី​២​ប្រុស​១) និង​៤​នាក់​ទៀត​របួសធ្ងន់​ស្រាល​ទាំងអស់​។ ដោយឡែក​អ្នកជិះ​ក្នុង​រថយន្ត​កាមរី ហាយ​ព្រីក ដែល​បុក​គេ​នោះ ពុំមាន​អ្នកស្លាប់​ទេ ដោយ​គ្រាន់តែ​របួសធ្ងន់​និង​ស្រាល​៦​នាក់​។​


​មន្ត្រីប៉ូលិស​ចរាចរណ៍​ផ្លូវគោក​ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ក្នុងករណីនេះ​មិនទាន់​ដឹងថា ភាគី​ណាមួយ​ខុស​នោះទេ កំពុង​ស្រាវជ្រាវ និង​សង្គ្រោះ​ជនរងគ្រោះ​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុកស្រែ​អំបិល​។​


​សូមបញ្ជាក់ថា នៅលើ​ដងផ្លូវ​ជាតិ​លេខ​៤ ក្នុង​ទឹកដី​ខេត្ត​ព្រះសីហនុ មាន​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​មនុស្ស​ប្រុស​ស្រី​អស់​ចំនួន​៥​នាក់​ហើយ និង​របួសធ្ងន់​ស្រាល​ចំនួន​១០​នាក់ នៅ​ព្រឹក​ថ្ងៃទី​២​ខែកុម្ភៈ​ម្សិលមិញនេះ៕

 

 
 
 
www.bayontv.com.kh
 
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner