ព័ត៌មានថ្មីៗ៖
 

ភ្ញៀវទេសចរ សម្រុកមកកម្សាន្ត ខេត្តព្រះសីហនុ ជិត ៥ម៉ឺននាក់ នាឱកាស ពិធីបុណ្យ ចូលឆ្នាំប្រពៃណី ចិន-វៀតណាម

03 Feb 2014 15:30|ដោយ៖phanith | ព័ត៌មានជាតិ | មើល៖ 1825 | មតិ៖
 

ព្រះសីហនុ ៖ ក្នុងពិធីបុណ្យចូលឆ្នាំ ចិន-វៀតណាម រយៈពេលបីថ្ងៃកន្លងមកនេះ គឺចាប់ពីថ្ងៃទី៣០ ខែមករា រហូតដល់ថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០១៤ នៅខេត្តព្រះសីហនុមានភ្ញៀវទេសចរ មកកម្សាន្តជិត៥ម៉ឺននាក់ ។

 លោក សេង ខា ប្រធានមន្ទីរភ្ញៀវទេសចរណ៍ ខេត្តព្រះសីហនុ បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរ ដែលមកកម្សាន្ត នៅខេត្តព្រះសីហនុ ឆ្នាំ២០១៤ មានចំនួន៤៩៥០០នាក់ ធៀបឆ្នាំ២០១៣ មានចំនួន៤៤០៧៦ កើន ៥៤២៤នាក់ស្មើនិង ១២,៣០%  ដោយក្នុងនោះភ្ញៀវជាតិសរុប ៤៣៣១៣នាក់ ធៀបឆ្នាំ២០១៣ មានចំនួន ៣៨៧៨៧ កើន៤៥២៦នាក់ ស្មើនិង ១១,៦៧%  ភ្ញៀវអន្តរជាតិសរុប ៦១៨៧នាក់ ធៀបឆ្នាំ២០១៣មានចំនួន ៥២៨៩ កើន៨៩៨នាក់ ស្មើនិង ១៦,៩៧% ។

ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម កន្លងមកនេះ  សម្រាប់ផ្ទះសំណាក់ និងសណ្ឋាគារ នៅក្នុងខេត្តព្រះសីហនុ គឺមានភ្ញៀវមក ស្នាក់នៅពេញទាំងអស់ ហើយមានការឡើងថ្លៃពី១០ ទៅ៤០%។ ចំណែកតម្លៃគ្រឿងសមុទ្រវិញ ក៏មានការឡើងថ្លៃទ្វេដងផងដែរ ដែលការឡើង ថ្លៃនេះ គឺដោយសារភ្ញៀវទេសចរ សម្រុកមកលេងច្រើន ម្យ៉ាងទៀតដោយសារកម្មករ និងទូកនេសាទបានឈប់សម្រាក ធ្វើឲ្យគ្រឿងសមុទ្រនៅតាម ទីផ្សារ មានការឡើងថ្លៃ ។

ចំពោះបញ្ហាសន្តិសុខ លោក សេង ខា បានបញ្ជាក់ប្រាប់ថា មានលក្ខណៈល្អប្រសើរដោយសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់រៀបចំបានល្អ នេះអាស្រ័យដោយមន្ទីរទេសចរណ៍ បានផ្សព្វផ្សាយសារាចរណែនាំលេខ ០០៧ សរណន ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៣ របស់ក្រសួងទេសចរណ៍ ស្តីពីការពង្រឹងគុណភាពផលិតផល និងសេវាទេសចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណី ចិន វៀតណាម ដល់បណ្តាអាជីវករ ប្រតិបត្តិករ ទេសចរណ៍ក្នុងខេត្តព្រះសីហនុទាំងអស់ ៕

 
 
ដើមអម្ពិល
 
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner