ព័ត៌មានថ្មីៗ៖
 

ខៀវ​ ចិន្តា​​រ័ត្ន​ និង​​អេង​ ស៊ូ​ម៉ា​ឡា បង្ហាញ​​ឆន្ទៈ​មុន​​ប្រកួត​នៅ​​បារាំង​

06 Feb 2014 10:19|ដោយ៖sopheaktra | ព័ត៌មានកីឡា | មើល៖ 1708 | មតិ៖
 

រាជ​ធានី​ភ្នំពេញ​ ៖ មក​ទល់​ពេល​នេះ កីឡា​ការិនី​ជើង​ខ្លាំង​ផ្នែក​ល្បុក្ក​តោ​២​រូប​ គឺ​កញ្ញា​ខៀវ​ ចិន្តា​រ័ត្ន​ និង​កញ្ញា​អេង​ ស៊ូម៉ាឡា​ នៅ​មិន​ទាន់​បង្ហាញ​សមត្ថ​ភាព​ក្បាច់​គុន​ល្បុក្ក​តោ​នៅ​ក្នុង​ប្រទេស​បារាំង​នៅ​ឡើយ​ទេ​ ដោ​យសារ​តែ​ការ​ប្រកួត​មិន​ទាន់​ដល់​កំណត់ ។​ បុ់ន្តែ​ពួក​នាង​បាន​បង្ហាញ​ជំនឿ​ចិត្ត​ចំពោះ​វេទិកា​សម្តែង​ក្បាច់​គុន​ជាអន្តរ​ជាតិ​មួយ​នេះ ។​

កញ្ញា​ខៀវ​ ចិន្តា​រ័ត្ន​ ដែល​ត្រូវគេ​ស្គាល់​ថា ជា​និស្សិត​ផ្នែក​មន្ទីរ​ពិសោធន៍​វេជ្ជ​សាស្ត្រ​ប្រចាំ​នៅ​ក្នុង​សាកល​វិទ្យា​ល័យ​ពុទ្ធិ​សាស្ត្រ​បានបញ្ជាក់​នៅ​លើ Facebook ថា​ ពួក​នាង​បាន​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ដណ្តើម​យក​មោទន​ភាព​ជាតិ​មួយ​នៅ​ក្នុង​ប្រទេស​បារាំង ។​ បើ​ទោះ​ជា​នាង​បញ្ចេញ​អារម្មណ៍​ខឹង​សម្បា​ដល់​ក្រុម​អ្នក​លេង​ Facebook ដែល​ចោទ​ថា​ ពួក​នាង​ទៅ​បារាំង​គិតតែ​បង្ហោះ​រូបដើរ​លេង​ មិន​ឃើញ​ខ្វាយ​ខ្វល់​រឿង​ហ្វឹក​ហាត់​ត្រៀម​ខ្លួន​ ក៏​កីឡា​ការិនី​វ័យ​ក្មេង​រូប​នេះ​នៅ​តែ​ប្រាប់​ដោយ​ការ​ទទួល​ខុស​ត្រូវ​ថា​ ពួក​ខ្លួន​មិន​ដូចការ​ចោទ​ប្រកាន់​ទេ ។​ នាង​បញ្ជាក់​ទៅ​កាន់​អ្នក​រិះ​គន់​ថា ការ​បង្ហោះ​រូបដើរ​កម្សាន្ត​មិន​មែន​មាន​ន័យ​ថា​ នាង​មក​កាន់​ប្រទេស​បារាំង​គិតតែ​ពី​សប្បាយ​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ នាង​និង​ដៃគូ​ទាំង​អស់​កំពុង​ពុះ​ពារ​ និង​ប្រឹង​ប្រែង​សម្បើម​ណាស់​ ចាប់​តាំង​ពី​ឡើង​មកដល់​ប្រទេស​បារាំង​ក្នុង​គម្រោង​ត្រៀម​ខ្លួន​ប្រកួតប្រជែង​មួយ​នេះ ។​
ដូចគ្នាដែរ​ កញ្ញា​អេង ស៊ូ​ម៉ាឡា​ ក៏​បញ្ជាក់​ដូច​គ្នា​ដែរ​ថា​ បើ​ទោះ​ជា​វេទិកា​នោះ​មាន​បណ្តា​ប្រទេស​ដែល​មាន​ក្បាច់​គុន​ចំណាស់ៗ​រហូត​ដល់​ជាង​៣០​ប្រទេស​ចូលរួម​ប្រកួត​ប្រជែង​ ក៏​ពួក​នាង​មិន​បាន​បាក់​ទឹក​ចិត្ត​ ហើយ​គិតតែ​ពី​ដើរ​លេង​សប្បាយ​ដោយ​ពុំ​បាន​គិតគូរ​នោះ​ដែរ ។​

បើ​ទោះ​ជា​វេទិកា​នោះ​មិន​មែន​ជា​ការ​ប្រកួតប្រជែង​យក​ចាញ់​ឈ្នះ​ និង​អាច​និយាយ​បាន​ថា គ្រាន់តែ​ជា​វេទិកា​បង្ហាញ​ក្បាច់​គុន​បុរាណ​ក្នុង​ន័យ​ផ្លាស់​ប្តូរ​វប្ប​ធម៌​គ្នា​ បុ៉ន្តែ​ក្រុម​តំណាង​ប្រទេស​ដែល​បង្ហាញ​ក្បាច់​គុន​បាន​ល្អ​ ក៏​នឹង​ទទួល​បាន​ការ​សរសើរ​ និងត្រូវ​គេ​ចារឹក​ទុក​ជា​ម្ចាស់​ក្បាច់​គុន​កំពូល​ប្រចាំ​ឆ្នាំ​ពី​វេទិកា​អន្តរ​ជាតិ​នោះ​ផង​ដែរ ។​ អុីចឹង​ហើយ​ទើប​ការ​បរា​ជ័យ​ក្នុង​ការ​បង្ហាញ​ក្បាច់​គុន​នេះ​ គឺជាអ្វី​ដែល​ពួក​នាង​ត្រូវ​ប្រឹង​ចៀស​ឱ្យ​ឆ្ងាយ ។​ ប្រភព​ពី​មន្ត្រី​ក្នុង​សហ​ព័ន្ធ​កីឡា​​ល្បុក្ក​តោ​ថ្លែង​ថា​ មូល​ហេតុ​ដែល​សហ​ព័ន្ធ​សម្រេច​ចិត្ត​បញ្ជូន​កីឡា​ការិនី​ទាំងពីរ​រូប​ទៅ​កាន់​ប្រទេស​បារាំង​ គឺ​ដោយ​សារ​តែ​វេទិកា​នោះ​មាន​ការ​លើក​ទឹក​ចិត្ត​ឱ្យ​នារី​ដែល​ចេះក្បាច់​គុន​បុរាណ​​ប្រចាំប្រទេស​ទៅ​បង្ហាញ​​មុខ ។​ គាប់​ជួន​ជា​យុវតី​ទាំងពីរ​មាន​សមត្ថ​ភាពខ្ពស់​ក្នុង​ប្រភេទ​កីឡា​ល្បុក្ក​តោ​ និង​ធ្លាប់​ទទួល​បាន​ចំណាត់​ថ្នាក់​កំពូល​ក្នុង​ការ​ប្រកួត​​ប្រចាំ​ឆ្នាំ​ក្នុងស្រុក​ផង​ ទើប​តម្រូវ​ឱ្យ​ពួក​នាង​ទទួល​សិទ្ធិ​ក្នុង​គម្រោង​នោះ ។​ កញ្ញា​ខៀវ​ ចិន្តា​រ័ត្ន​ និង​កញ្ញា​អេង​ ស៊ូ​ម៉ាឡា​ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​កាល​ពី​ពាក់​កណ្តាល​ខែ​មករា​ដើម​ឆ្នាំ​ ដោយ​ពួក​នាង​កំពុង​សម្រាក​ហ្វឹក​ហាត់​ និង​ត្រៀម​ខ្លួន​សម្តែង​ក្បាច់​គុន​លើ​ឆាក​​អន្តរ​ជាតិ​នៅ​ថ្ងៃទី​១៥​ កុម្ភៈ​ខាង​មុខ​នេះ ។​

វេទិកា​នោះ​មាន​ឈ្មោះ​ថា “Festival Des Arts Martiaux De Bercy” ដោយ​មានប្រទេស​ចំនួន​៣៤​​ចូលរួម​ និង​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ Bercy ប្រទេស​បារាំង​នៅ​ពាក់​កណ្តាល​ខែ​នេះ ។​ ការ​ប្រកួត​នេះ​នឹង​ផ្តល់​ចំណាត់​ថ្នាក់​ពី​លេខ​១ ដល់​លេខ​៥ និង​ចំណាត់​ថ្នាក់​លើក​ទឹក​ចិត្ត​ជា​ច្រើន​ទៀត​ បន្ទាប់​ពី​ក្រុម​ប្រទេស​ទាំង​អស់​បូក​រួម​ទាំង​កម្ពុជា​ផង​បង្ហាញ​ក្បាច់​គុន​បុរាណ​ប្រចាំ​ប្រទេស​របស់​ខ្លួន​រួច​រាល់ ។​ កញ្ញា​ខៀវ​ ចិន្តា​រ័ត្ន​ និងអេង​ ស៊ូ​ម៉ាឡា​ បញ្ជាក់​ថា​ ការ​ស្នាក់​នៅ​បារាំង​នាអំឡុង​មុន​ប្រកួត​នេះ​ ពួក​នាង​ស្ទុះ​ស្ទា​ ​និង​ប្រឹង​ប្រែង​ហ្វឹក​ហាត់​មិន​ដែល​ប្រហែស​ទេ​ ដើម្បី​ប្រជែង​យក​ចំណាត់​ថ្នាក់​​ល្អ​មួយ​ក្នុង​ក្រសែ​ភ្នែក​បារាំង ។​ ទោះ​យ៉ាងណា​ ពួក​នាង​មិន​រំពឹង​ថា​ នឹង​ទទួល​បាន​ចំណាត់​ថ្នាក់​នាំ​មុខ​គេ​ឡើយ​ក្នុង​ចំណោម​ប្រទេស​ទាំង​៣៤​ ដោយសារតែ​បណ្តា​ប្រទេស​ភាគ​ច្រើន​គេបាន​បញ្ជូន​កីឡា​ករ កីឡាការិនី​ច្រើន​នាក់​ឱ្យ​ទៅ​ប្រកួត​ ព្រម​ជា​មួយ​ឧបករណ៍​តន្ត្រី​បុរាណ​ដែល​ងាយ​នឹង​ធ្វើ​ឱ្យ​ការបង្ហាញ​ក្បាច់​គុន​របស់​គេ​មាន​ភាពគគ្រឹក​គគ្រេង​នៅ​លើ​ឆាក​ និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ ។​ មន្ត្រី​ប្រចាំ​សហ​ព័ន្ធ​កីឡា​ល្បុក្ក​តោ​និយាយ​ថា​ នោះ​ជា​ហេតុ​ផល​ដែល​ធ្វើ​ឱ្យ​ការ​សម្តែង​ក្បាច់​គុន​បុរាណ​របស់​កម្ពុជា​ទទួល​ការ​ចាប់​អារម្មណ៍​តិច​តួច ។​

បុ៉ន្តែ​មន្ត្រី​ដដែល​មាន​ជំនឿ​ថា​ ជោគ​ជ័យ​ធំ​មួយ​ដែល​កីឡា​ការិនី​យើង​ទទួល​បាន​ត្រឡប់​មក​វិញ​ គឺ​មោទន​ភាព​ដែល​ធ្វើ​ឱ្យ​អន្តរ​ជាតិ​ស្គាល់​កាន់​តែ​ច្បាស់​ពី​កីឡា​ល្បុក្ក​តោ​របស់​ខ្មែរ ។​ ​យ៉ាងណា​មិញ​ កញ្ញា​ខៀវ​ ចិន្តា​រ័ត្ន​ ​និងអេង​ ស៊ូម៉ា​ឡា​ បង្ហាញ​ជំនឿ​ចិត្ត​ថា​ តាម​រយៈ​ការ​ទទួល​ខុស​ត្រូវ​របស់​ពួក​នាង​ក្នុង​ពេល​កំពុង​ហ្វឹក​ហាត់​នេះ​ ការ​ប្រកួតទាំង​មូល​នឹង​មិន​អាច​បរា​​ជ័យ​ ដោយ​មិន​ទទួលបាន​ចំណាត់​ថ្នាក់​អ្វី​សោះ​ត្រឡប់​មក​វិញ​នោះ​ទេ ។​​ ចាំ​មើល តើ​ការ​ប្រកួត​ទ្រង់​ទ្រាយ​ធំ​ដែល​នឹងធ្វើ​​ឡើង​នៅ​ថ្ងៃទី​១៥​ កុម្ភៈ​នោះ​ នឹង​ក្លាយ​ជា​ចំណាប់​អារម្មណ៍​កម្រិតណា​សម្រាប់​​ល្បុក្ក​តោ​ខ្មែរ​ ៕​

 
ផ្កាយព្រឹក
 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner