សារព័ត៌មានបរទេសផ្សាយថា អាជ្ញាធរប៉ាគីស្ថាន បានចាប់ខ្លួនលោកអាប់ឌុលរ៉ាវម៉ាន ខេត្រាន អ្នកនយោបាយនៅក្នុងគណបក្សចាមីអាត អ៊ូឡេម៉ា អ៊ី អ៊ិស្លាមក្រោយពីដឹងថា លោកបានឃុំខ្លួនស្ត្រី និងកុមារជាច្រើននាក់នៅគុកក្រោមដី ក្នុងលំនៅឋានរបស់ លោកនៅទីក្រុងបាលូគ្រីស្តុន ។
នៅក្នុងរបាយការណ៍ផ្សាយថា ប៉ូលិសបា៉គីស្ថាន បានចូលឆែកឆេរផ្ទះរបស់លោក អាប់ឌុល និងជួយសង្គ្រោះជនរងគ្រោះ ខណៈអ្នកខ្លះជាប់ច្រវាក់ ។ ការឆែកឆេរនេះក្រោយពីកងសន្តិសុខរបស់លោក អាប់ឌុល លួចអាវុធរបស់ប៉ូលិស នៅចំណុចត្រួតពិនិត្យ កាលពីថ្ងៃទី១២ មករា ។ប៉ូលិសបានដោះលែងជងរងគ្រោះឱ្យមានសេរីភាពវិញហើយ ខណៈលោកអាប់ ឌុល ជំទាស់ថាការចាប់ខ្លួនលោក គឺល្មើសលើផ្នែកនយោបាយ ។
ហេតុការណ៍នោះមានលក្ខណៈស្រដៀងនឹងហេតុការណ៍កាលពីឆ្នាំ២០១១ ដែលប៉ូលិសបានរកឃើញកុមារជាង៦០នាក់ ស្ថិតក្នុងស្ថានភាពវេទនា ដោយត្រូវគេចាក់ច្រវាក់ជាប់នឹងក ខណៈក្រុងបាលូស្តុន គឺជាក្រុងពោរពេញដោយការជួញដូរមនុស្ស និងគ្រឿងញៀន ៕