ព័ត៌មានថ្មីៗ៖
 

អាជីវករ​ផ្សារផែ​លើក្រចេះ នាំ​គ្នាតវ៉ា​វេលា​រំលង​អធ្រាត្រ ជំទាស់​អាជ្ញាធរ​ដាក់​របាំង​រាំង

06 Feb 2014 09:03|ដោយ៖sopheaktra | ព័ត៌មានជាតិ | មើល៖ 1829 | មតិ៖
 

ខេត្ត​ក្រចេះ​ ៖ អាជីវករ​លក់​បន្លែ ត្រីសាច់​ នៅ​ផ្សារ​ផែ​លើ​ ជួរ​មាត់​ទន្លេ​ ស្ថិត​ក្នុង​ក្រុង​ក្រចេះ​ ចំនួន​ជិត​២០០​នាក់​ បាន​នាំគ្នា​ជំទាស់​តវ៉ា​ជា​លើក​ទី​២​ ក្រោយ​ពី​អាជ្ញាធរ​ខេត្តបាន​ព្យា​យាម​រារាំង​ពួក​គាត់​មិន​ឱ្យ​មក​លក់​ និង​ផ្ទេរ​ទំនិញ​ ត្រី​សាច់​លើ​ផ្លូវ​ផ្សារ​ផែ​លើ​ ដោយ​បង្ខំ​ពួក​គាត់​ឱ្យ​ចូល​ទៅ​លក់​ក្នុង​ផ្សារ​បន្លែ​របស់​ក្រុម​ហ៊ុន​ឯក​ជន​មួយ​ដែលបានសាង​សង់​រួច​ហើយ ។​

ការ​ជំទាស់​តវ៉ា​របស់​អាជីវករ​ទាំង​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​៥ កុម្ភៈ​ ក្រោយ​ពី​អាជ្ញាធរ​ប្រើ​ប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ​ដើម្បី​រារាំង​ពួក​គាត់​មិន​ឱ្យ​ចូល​លក់​ ឬ​ផ្ទេរ​ទំនិញ​ ជញ្ជូន​បន្លែ​ ត្រីសាច់​នៅ​ផ្សារ​ផែ​លើ​មួយ​នេះ ។​ ​ទីតាំង​ផ្សារ​ផែ​លើ​មួយ​កន្លែង​នេះ​ ស្ថិត​នៅ​ជាប់​មាត់​ទន្លេ​ក្នុង​ទីប្រជុំ​ជន​ក្រុង​ក្រចេះ​ ត្រូវ​បាន​អាជ្ញាធរ​រៀបចំ​ឱ្យ​អាជីវករ​សម្រាប់​ផ្ទេរ និង​ជញ្ជូន​ទំនិញ​ដូចជា បន្លែ​ ត្រីសាច់​មួយ​ចំនួន​ គឺ​ធ្វើ​ឡើង​តាំង​ពី​ពាក់​កណ្តាល​អធ្រាត្រ​រហូត​ទល់​ភ្លឺ ។​ បើ​ទោះបី​ជា​អាជ្ញាធរ​បាន​ខិតខំ​ព្យាយាម​រារាំង​ពួក​គាត់​មិន​ឱ្យ​លក់​ ឬ​ផ្ទេរ​ទំនិញ​នៅ​ទីតាំង​ផ្សារ​មួយ​នេះ​ និង​បង្ខំ​ឱ្យ​ពួក​គាត់​ចូល​ទៅ​លក់​ក្នុង​ផ្សារ​​វិនិ​យោគ​ឯកជន​ថ្មី​មួយ​ក​ន្លែង​ទៀត​យ៉ាង​ណា​ក៏​ដោយ​ ក៏​ក្រុម​អាជីវករ​នៅតែ​អះ​អាង​ថា​ មិន​ព្រម​ធ្វើ​តាម​ដោយសារតែ​ពួក​គាត់​គ្មាន​លទ្ធ​ភាព​ទិញ​តូប​សម្រាប់​លក់​ក្នុង​ផ្សារ​ថ្មី​នោះ​ទេ ។​

ផ្សារ​បន្លែ​មួយ​កន្លែង​ដែល​អាជ្ញាធរ​បាន​វិនិ​យោគ​ឱ្យ​ឯកជន​នេះ​ មាន​ទីតាំង​នៅ​ខាង​ក្រោយ​ផ្សារ​សាមគ្គី​ ក្រុង​ក្រចេះ​ ចម្ងាយ​ជាង​១០០​ម៉ែត្រ​ពីគ្នា​​ ហើយ​សព្វ​ថ្ងៃ​នេះ​ក៏មាន​អាជីវករ​លក់​បន្លែ ត្រីសាច់​មួយចំនួនបាន​ចូល​ទៅ​តាំង​លក់​ក្នុង​ផ្សារ​មួយ​​នេះ​អស់​ហើយ​ដែរ​ ។​ ជាមួយ​នឹង​ការ​ចុះ​រារាំង​ពី​សំណាក់​កង​កម្លាំង​ប្រដាប់​អាវុធ​នា​យប់​នោះ​ ក៏មាន​ការ​ចុះ​សម្រប​សម្រួល​ពី​សំណាក់​លោក​ហង្ស​ ចាន់ឌី​ អភិបាល​ក្រុង​ក្រចេះ​ ជា​មួយ​នឹង​ក្រុម​អាជីវករ​ដែរ ។​ ស្ថាន​ភាព​បាន​តាន​តឹង​អស់​រយៈ​ពេល​ជាច្រើន​ម៉ោង​ ដោយ​អាជីវករ​ជាច្រើន​រយ​នាក់​បាន​ឈរ​តម្រៀប​គ្នា​ត្រៀប​ត្រាពេញ​រង្វង់​មូល​ព្រាប​ស​ ក្នុង​ទីប្រជុំ​ជន​ក្រុង​ក្រចេះ​ ខណៈ​មាន​កង​កម្លាំង​ប្រដាប់​អាវុធ​ដាក់បារ៉ាស់​បាំង​ផ្លូវ​មិន​ឱ្យ​ពួកគាត់​ចូល​ទៅ​កាន់​ទីតាំង​ធ្លាប់​លក់​ដូរ​នោះ ។​ ក្រុម​អាជីវករ​អះ​អាង​ថា​​ ទោះ​ជា​អាជ្ញាធរ​ក្រុង​បង្ខំ​​ឱ្យ​ពួកគាត់​ចាកចេញ និង​បិទ​ផ្លូវ​មិន​អនុញ្ញាត​ឱ្យដឹក​ជញ្ជូន​​បន្លែ​ផ្សេងៗ​តាម​ទូក​ ឬ​កាណូត​ពីតំបន់​​ដទៃក្នុង​​ខេត្ត​ មក​ផ្ទេរ​និង​លក់​ដូរ​បន្ត​នៅ​កន្លែង​ចាស់​ទៀត​យ៉ាងណា​ក៏​ដោយ​ ក៏​ពួក​គាត់​នៅតែ​មិន​ព្រម​ទទួល​យក​វិធាន​ការ​របស់​អាជ្ញាធរ​ក្រុង​ដែល​តម្រូវ​ឱ្យ​ចូល​ទៅ​លក់​ក្នុង​ផ្សារ​ឯកជន​នោះ​ដែរ​ដោយសារ​តែ​​ពួក​គាត់​គ្មាន​លទ្ធ​ភាព​ទិញ​កន្លែង​ថ្មីដែល​មាន​តម្លៃខ្ពស់​ និង​មាន​ទីតាំង​ចង្អៀត​ ហើយ​លក់​ដូរ​នៅ​តាម​សំយាប​​ផ្ទះ​របស់​គេ​ទៀត​ផង ។​

ក្រុម​អាជីវករ​និយាយថា​ កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១២ កន្លង​ទៅ​ ពួកគាត់​បាន​ទិញ​កន្លែង​លក់​ដូរ​នៅ​ទីតាំង​ផែ​លើ​នេះ​ពី​គណៈ​កម្មការ​រៀបចំ​សណ្តាប់​ធ្នាប់​ របៀប​រៀប​រយ​អនា​ម័យ និង​បរិស្ថាន​​តាម​ដង​ផ្លូវ​របស់​អាជ្ញាធរខេត្ត​ ក្នុង​តម្លៃចាប់​ពី​១០០​ដុល្លារ​ទៅ​ដល់​៥០០​ដុល្លារ​ក្នុង​មួយ​កន្លែង​ទៅ​តាម​ទំហំ​ផ្សេងៗ​គ្នា​ ។ ដូច្នេះ​ ពួក​គាត់​ទាំងអស់​គ្នា​ដាច់​ខាត​មិន​ចូល​ទៅ​លក់​នៅ​ក្នុង​ផ្សារ​វិនិយោគ​របស់​ឯក​ជន​នោះ​ទេ​ តែ​បើ​អាជ្ញា​ធរ​ក្រុង​តម្រូវ​ឱ្យ​ពួកគាត់​ទៅ​លក់​នៅ​បរិ​វេណ​ផ្សារ​​សាមគ្គី​ក្រុង​ក្រចេះ​នោះ​ ពួកគាត់​មិន​ជំទាស់​ទេ​ ព្រោះ​ផ្សារ​នេះ​ជា​ផ្សារ​របស់​រដ្ឋ ។​ ពាក់​ព័ន្ធ​នឹង​បញ្ហា​ខាង​លើ​នេះ​ អភិបាល​ក្រុង​ក្រចេះ​ លោក​ហង្ស​ ចាន់ឌី​ ធ្លាប់​បាន​ឱ្យ​ដឹង​​ថា អាជ្ញាធរ​ក្រុង​បាន​ជូន​ដំណឹង​ដល់​អាជីវករ​ទាំង​អស់​នៅ​ផ្សារ​ផែ​លើ​នេះ​ឱ្យ​ពួក​គាត់​ត្រៀម​លក្ខណៈ​ដើម្បី​ចូល​ទៅ​លក់​ក្នុង​ផ្សារ​វិនិ​យោគ​ថ្មី​វិញ​ ចៀស​វាង​ការ​កើត​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ដែល​ទីតាំង​នេះ​លក់​នៅ​លើ​ចិញ្ចើម​ផ្លូវ​នា​ពេល​យប់​ផង​នោះ​ ។ ម្យ៉ាង​ទៀត កន្លែង​ថ្មី​នេះ​មិន​មាន​ការ​ទិញ​លក់​ដូច​ពួកគាត់​និយាយ​នោះ​ទេ​ គ្រាន់តែ​មាន​ការ​បង់​ភាស៊ី​សម្រាប់​សម្អាត​អនា​ម័យ​ខ្លះៗ​តែ​បុ៉ណ្ណោះ ។​

លោក​អភិ​បាល​ក្រុង​បាន​បញ្ជាក់​ទៀត​ថា​ នេះ​ជា​គោល​ការណ៍​របស់​សាលា​ក្រុង​ក្រចេះ​ ក្នុង​ការ​រៀបចំ​សណ្តាប់​ធ្នាប់​ អនា​ម័យ និង​បរិស្ថាន​ ធ្វើ​ឱ្យ​ទីក្រុង​មាន​សោភ័ណ​ភាព​ ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ដើម្បី​ប្រឡង​ប្រណាំង​ទីក្រុង​ស្អាត ។​ ទោះ​បី​ជា​យ៉ាងណា​ ក៏​អាជ្ញា​ធរ​ក្រុង​នឹង​ទទួល​យក​សំណូម​ពរ​របស់​ពួកគាត់​មក​ដោះ​ស្រាយ​ជាបន្ត​ទៀត​ ទោះ​បី​ជា​ពួកគាត់​មិន​ព្រម​អនុវត្ត​តាម​គោល​ការណ៍​របស់​សាលា​ក្រុង​យ៉ាង​ណា​ក៏​ដោយ ៕​

 
ដោយ ៖ផ្កាយព្រឹក
 
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner