ព័ត៌មានថ្មីៗ៖
 

សមាគម​ទី​ភ្នាក់​ងារ​ទេស​ចរណ៍​កម្ពុជា (CATA) អំពាវនាវ​ឱ្យ​លុប​បំបាត់​ក្រុម​អ្នក​សុំ​ទាន​លើ​ផ្ទៃទឹក

08 Feb 2014 08:59|ដោយ៖sopheaktra | ព័ត៌មានជាតិ | មើល៖ 1800 | មតិ៖
 

ខេត្ត​សៀម​រាប​ ៖ សមា​គម​ទីភ្នាក់​ងារ​ទេស​ចរណ៍​កម្ពុជា (CATA) បាន​ទទូច​ឱ្យ​អាជ្ញា​ធរ​ខេត្ត​ និង​ក្រសួង​ទេសចរណ៍​កម្ពុជា​ ធ្វើ​អន្តរា​គមន៍​លុប​បំបាត់​សកម្ម​ភាព​របស់​និគម​ជន​វៀត​ណាម​ជិះ​ទូក​សុំ​ទាន​យ៉ាង​អនា​ធិប​តេយ្យ​នៅ​លើ​ផ្ទៃ​ទឹក​ក្នុង​តំបន់​រមណីយ​ដ្ឋាន​មាត់​បឹង​ទន្លេ​សាប​ចុង​ឃ្នៀស ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ជាតិ-​អន្តរ​ជាតិ​ទៅ​ទស្សនា​តំបន់​នោះ​មាន​ការ​រង្គាស​​ចិត្ត​រាប់​ឆ្នាំ​មក​ហើយ ។​

ការអំពាវ​នាវ​នេះ​បាន​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​លោក​ប៊ុន​ ថាឫទ្ធិ​ អភិបាល​រង​ខេត្ត​ លោក​ទ្រី​ ឈីវ​ អគ្គ​នាយក​រង​ក្រសួង​ទេសចរណ៍​ និង​មន្ត្រី​ពាក់​ព័ន្ធ​សំខាន់ៗ​ជាច្រើន​ទៀត​ ដែលបាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ពង្រឹងការ​គ្រប់​គ្រង​មគ្គុ​ទ្ទេសក៍​ទេស​ចរណ៍​ និង​អ្នកបកប្រែ​បន្ត​ជនជាតិ​រុស្ស៊ី​ កាល​ពី​ព្រឹក​​ថ្ងៃទី​៥ កុម្ភៈ​ នៅ​សាល​ប្រជុំ​លេខ​២ ​នៃ​អគារ​រដ្ឋ​បាល​ខេត្ត ។​

អនុប្រធាន​សមា​គមទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ លោក​គឹម​ ពលៈ​ ទទួល​បន្ទុក​រួម​សាខា​ខេត្ត​​ បាន​អំពាវ​នាវ​យ៉ាង​ដូច្នេះ​ថា​ «ខ្ញុំ​ស្នើ​ដល់​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ទាំងអស់​ សូម​ជួយ​អន្តរា​គមន៍​លុប​បំបាត់​សកម្ម​ភាព​ជិះ​ទូក​សុំ​លុយ​ភ្ញៀវ​នៅ​តំបន់​ចុង​ឃ្នៀស​ផង​ ព្រោះ​សកម្ម​ភាព​អនា​ធិប​តេយ្យ​ទាំង​នោះ​កំពុង​ជាន់​ឈ្លី​មុខ​មាត់​ប្រទេស​ និង​ប៉ះ​ពាល់​ដល់​អារម្មណ៍​ភ្ញៀវ​ទេសចរ​យ៉ាង​ខ្លាំង​» ។​ លោក​បាន​លើក​ឡើង​នៅ​ក្នុង​អង្គ​ប្រជុំ​នោះ​ទៀត​ថា​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ អ្នក​សុំ​ទាន​នៅ​ទន្លេ​សាប​ចេះតែ​មានចំនួន​កើន​ឡើង​យ៉ាងគំហុក ហើយ​ការសុំទាន​​ទាំង​នោះ​មិន​មែន​ធម្មតា​ទេ​ គឺ​ជិះ​ទូក​ម៉ាស៊ីន​បើក​ប្រដេញ​តាម​សុំ​លុយ​ពី​ភ្ញៀវ​ឱ្យបាន​ជា​កំហិត​ ដោយ​ពុំ​មាន​ការបង្ក្រាប ឬ​ទប់​ស្កាត់​ឱ្យ​មាន​ប្រសិទ្ធ​ភាព​យូរ​អង្វែង​ពី​សមត្ថ​កិច្ច​នៅ​តំបន់​នោះ​​ទាល់​តែ​សោះ ។​

លោក​គឹម​ ពលៈ បន្ត​ទៀត​ថា​ អ្នក​សុំទាន​ទាំង​នោះ​សុទ្ធ​​សឹង​ជា​ជន​ជាតិ​វៀត​ណាម​ មាន​ក្មេង​មាន​ចាស់​​ចំនួន​ជិត​១០០​នាក់​តាម​សុំ​លុយ​ បើ​ភ្ញៀវ​មិន​ឱ្យ​លុយ​តាម​បំណង​ទេ​ ពួកគេ​មាន​វិធី​រំខាន​ភ្ញៀវ​ដូច​ជា​បញ្ឆេះ​ម៉ាស៊ីន​កាណូត​លាន់​ឮ​ទ្រហឹង​ពេញ​ផ្ទៃ​ទឹក​ ធ្វើ​ឱ្យ​កូន​ក្មេង​ស្រែក​យំ​ ជាពិសេស​ពេល​ខ្លះ​ពួក​គេ​ហ៊ាន​ដល់​ថ្នាក់​ជ្រែ​កាណូត​​ជះ​ទឹក​​សាច​ទទឹក​ភ្ញៀវ​ជោក​ក៏​មាន​ដែរ ។​យោងតាម​សេចក្តីរាយ​ការណ៍​ដាច់​ដោយ​ឡែក​មួយ​ទៀតបានបង្ហើប​ថា​ ក្រុម​អ្នក​សុំ​ទាន​ជា​ជន​ជាតិ​វៀត​ណាម​ទាំង​នោះ​មានចំនួន​៣​ក្រុម​ ចែក​គ្នា​ធ្វើ​សកម្ម​ភាព​ស្ទើរ​គ្រប់​ច្រក​ល្ហក​នៃ​ផ្ទៃ​ទឹក​ក្នុង​តំបន់​ចុង​ឃ្នៀស​រាប់​ឆ្នាំ​មក​ហើយ​ ដោយ​ក្រុម​ទី១​ ជា​ក្រុម​ជិះ​ទូក​ម៉ាស៊ីន​តូចៗ​ក្នុង​ល្បឿន​លឿន​តាម​ប្រដេញ​កាណូត​ធំៗ​ដឹក​ភ្ញៀវ​ទេសចរ​ រួច​ហើយ​លោត​ឡើង​ទៅ​លើ​កាណូត​ធ្វើ​សកម្ម​ភាព​សុំ​លុយ​ដោយ​រូបភាព​លក់​ភេសជ្ជៈ​ផ្សេងៗ​ ។

ក្រុម​ទី​២​ ភាគ​ច្រើន​ជាស្ត្រី​មាន​កូន​តូចៗ​ចាប់ពី​៣ទៅ​៤​នាក់​​ មាន​អាយុ​ខ្ពស់​បំផុត​៣​ឆ្នាំ ជិះ​ទូក​ចាំ​យ៉ាង​ពពាក់​ពពូន​នៅ​ក្បែរ​ភោជនីយដ្ឋាន​បណ្តែត​ទឹក​ ឬ​ហៅ​ថា​បែ​ចិញ្ចឹម​ត្រី​ ឱ្យ​តែ​ឃើញ​មាន​កាណូតដឹក​ភ្ញៀវ​ទេសចរ​មក​ដល់​ ពួកគេអុំ​ទូក​ទៅ​ក្បែរ​ហើយ​ស្រែក​សុំ​ជាភាសា​វៀតណាម​ បើ​ភ្ញៀវ​មិន​ឱ្យ​ពួក​ស្ត្រី​ទាំង​នោះ​មាន​វិធី​ធ្វើ​ឱ្យ​កូន​យំ​ទ្រហឹង​អឺង​កង​ដើម្បី​រំខាន​ ឬ​ទាញ​ចំណាប់​អារម្មណ៍​ពី​ភ្ញៀវ ។ ចំណែក​ក្រុម​ទី​៣​ ជា​ក្រុម​ក្មេងៗ​មាន​ស្រី​មាន​ប្រុស​ ជិះ​លើ​ចាន​ដែក​បណ្តែត​ទឹក​ ក្នុង​ចំណោម​នោះ​មាន​ក្មេង​ខ្លះ​ស្ពាយ​សត្វ​ពស់​នៅ​ជាប់​នឹង​ក​ លោត​ឡើង​ទៅ​លើ​កាណូត​ទាំង​ខ្លួនប្រាណ​ទទឹក​ជោក​ ធ្វើ​ឱ្យ​ភ្ញៀវ​ខ្លះ​ភ័យ​ញាក់​សាច់​រហូត​​លោត​ធ្លាក់​ទឹក​​ក៏​មាន​ដែរ​ ។​

ក្រុ​មអ្នក​ទាំង​នោះ​​ភាគ​ច្រើន​មិនចេះ​និយាយ​ភាសា​ខ្មែរ​ទេ​ គឺ​និយាយ​ភាសា​វៀតណាម​ និង​ចេះ​ភាសា​អង់​គ្លេស​តែ​មួយ​ម៉ាត់​គត់​គឺ​ One dollar ដែល​ជាសញ្ញា​ស្រែក​សុំ​លុយ​ពី​ភ្ញៀវ​ទេសចរ​។​បុគ្គលិក​ទី​ភ្នាក់ងារ​ទេសចរណ៍​មួយ​រូប​ដែល​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​បាន​លើក​ឡើង​ថា ​សកម្ម​ភាព​បែប​នេះ​បាន​កើត​ឡើង​រាប់​ឆ្នាំ​មក​ហើយ​ បុ៉ន្តែ​សមត្ថ​កិច្ច​ខ្មែរ​មិន​មាន​លទ្ធ​ភាព​ណា​បង្ក្រាប​បាន​ទាល់​តែ​សោះ​ ហាក់​ដូចជា​មិន​ហ៊ាន​ប៉ះ​ពាល់​ដល់​និគម​ជន​វៀតណាម​ទាំង​នោះ​ទេ ។​

បុគ្គលិក​ដដែល​នោះ​បាន​បន្ថែម​ដោយ​ចាត់​ទុក​ថា​ តំបន់​រមណីយដ្ឋាន​បឹង​ទន្លេ​សាប​ គឺ​ជា​តំបន់​គោល​ដៅ​ទេសចរណ៍​ធំ​ទី​ពីរ​បន្ទាប់​ពី​ឧទ្យាន​ប្រវត្តិ​សាស្ត្រ​អង្គរ​ ជា​បឹង​ទឹក​សាប​ធំ​ជាង​គេ​នៅ​អាស៊ី​អាគ្នេយ៍​ និង​មាន​ជីវ​ចម្រុះ​ ។ ដូច្នេះ​បើ​សិន​ជា​អាជ្ញាធរ​នៅតែ​បណ្តែត​បណ្តោយ​ពុំ​អើ​ពើ​ទៅ​លើ​សណ្តាប់​ធ្នាប់​ ឬ​ទុក​ឱ្យ​មាន​សកម្ម​ភាព​សុំ​ទាន​យ៉ាង​អនា​ធិប​តេយ្យ​បែប​ហ្នឹង​ទៀត​ វា​នឹង​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ដំណើរ​ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ជាតិ​ជាក់​ជា​មិន​ខាន ។​

ទាក់​ទិន​ទៅ​នឹង​បញ្ហា​កំពុង​ប្រឈម​នៅ​តំបន់​ចុង​ឃ្នៀស​នេះ​ កាលពី​រសៀល​ថ្ងៃ​ទី​៦ កុម្ភៈ​ លោក​ឃឹម​ ប៊ុន​សុង​ អភិបាល​ខេត្ត​បាន​មាន​ប្រសាសន៍​ថា «ករណី​ហ្នឹង​អាជ្ញាធរ​ខេត្ត​មាន​វិធាន​ការ​ហើយ​ មិន​អនុញ្ញាត​ឱ្យ​មាន​សកម្ម​ភាព​អនា​ធិប​តេយ្យ​អុីចឹង​ទៀត​បាន​ទេ ។​ ​កាល​ពី​ព្រឹក​មិញ ខ្ញុំ​បាន​បញ្ជា​ទៅ​អភិបាល​ក្រុង​ឱ្យ​ចុះ​ពិនិត្យ​ជាក់​ស្តែង​ហើយ​ដើម្បី​រៀបចំ​ផែនការទប់​ស្កាត់​ឱ្យបាន​ប្រសើរ​ឡើង​ ដោយ​ចាត់​ឱ្យ​កម្លាំង​សមត្ថ​កិច្ច​ចាំ​ឃ្លាំ​មើល​នៅ​ទី​នោះ​» ៕​

 
 
ព្រះអាទិត្យ
 
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner