ព័ត៌មានថ្មីៗ៖
 

នៅ​រដូវ​ទឹក​សំរក​នេះ​ប្រជាកសិករ​ក្នុង​ខេត្តកំពង់ឆ្នាំង​ដាំ​ដុះ​បន្លែ​គ្រប់មុខ​បាន ២២១៧​ហិកតា

08 Feb 2014 10:55|ដោយ៖sopheaktra | កសិកម្ម | មើល៖ 4875 | មតិ៖
 

កំពង់ឆ្នាំង ៖ នៅក្នុង​ភូមិ​កោះក្របី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ប្រជាកសិករ​កំពុង​មមាញឹក​ដាំ​ដុះ​បន្លែ​បង្កា​គ្រប់​ប្រភេទ​ដូចជា ស្ពៃ​ក្រ​ញ៉ា​ញ់ ស្ពៃស សាឡា​ត់ ខាត់ណា ម្ទេស និង​កំពុង​ទទួលផល​បានជា​បណ្តើរៗ​ហើយ​។​

​ ​លោក នៅ ចំរើន ជា​ប្រជាកសិករ​រស់នៅ​ភ​ក្នុងភូមិ​កោះក្របី​ដែល​កំពុង​នាំ​កូនចៅ​ដក​ស្ពៃ​លក់​បាន​និយាយ​អោយ​ដឹង​ថា​ ការ​ប្រមូល​ផល​ស្ពៃ​ក្រ​ញ៉ា​ញ់​ពេលនេះ​គឺជា​ការ​ប្រមូល​ផល​លើក​ទី​២​ហើយ ដែល​ក្នុង​ការ​ដាំ​ដុះ​១​លើកៗ​ត្រូវ​ចំណាយ​ពេលវេលា​ពី​២០​ទៅ​២៥​ថ្ងៃ​ទើប​ទទួលផល​បាន​។ ​រូប​គាត់​ក៏​ដូចជា​ប្រជាកសិករ​នៅក្នុង​ភូមិ​កោះក្របី អាច​ដាំ​ដុះ បន្លែ​បង្កា​គ្រប់​ប្រភេទ​បាន​ម្តង​ទៀត ការ​ដាំ​ដុះ​នេះ​ប្រជាកសិករ​ភាគច្រើន​បាន​ប្រើ​ជីធម្មជាតិ លាមក​គោក្របី​។​

​ លោក​បាន​បន្ត​អោយ​ដឹង​ថា​ ​ក្នុង​រដូវ​ទឹក​សំរក​នេះ​ប្រជាកសិករ​ក្នុងភូមិ​គាត់​អាច​ដាំ​ដុះ​បន្លែ​គ្រប់មុខ​បានតែ​ក្នុង​រយៈពេល​៤​ខែ​ប៉ុណ្ណោះ គឺ​ចាប់ពី​ខែវិច្ឆិកា ដល់​ខែកុម្ភៈ ហួស​ពី​ខែ​នេះ​អាកាសធាតុ​ក្តៅ​ហួតហែង​ខ្លាំង​មិនអាច​ដាំ​ដុះ​បាន​ឡើយ​។​ ក្នុង​១​រដូវ​ដាំ​ដុះ​បន្លែ​នេះ​ពួកគាត់​អាច​រក​ចំណូល​បាន​ពី​២​ទៅ​៤​លាន​រៀល ទៅតាម​ទំហំ​ដីចំការ​តូច​ធំ​របស់​គ្រួសារ​នីមួយៗ​។​

​ លោក ងិន ហ៊ុន ប្រធាន​ស្តី​ទី​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ខេត្ត​បាន​អោយ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៤​នេះ​ថា​ យោង​តាម​របាយការណ៍​បូកសរុប​របស់​មន្ទីរ​កសិកម្ម​ខេត្ត​គិត​ត្រឹម​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៤ លទ្ធផល​ដាំ​ដុះ​ក្នុង​ខេត្ត​សំរេច​បាន​ដំណាំ​ស្រូវ សាប​បាន​១៦០២ ហិកតា ដាំ​ដុះ​បាន​២២ ៩៧៩​ហិកតា​ (​ស្ទូង​បាន​៦ ៤០៩​ហិកតា និង​ព្រួស​បាន​១៨ ៧៥០​ហិកតា​)​ស្មើនឹង​១១៥,៦២% លើ​ផែនការ​២៤ ២០០​ហិកតា​។​ ដំណាំ​រួមផ្សំ​ដាំ​ដុះ​បាន​៨ ៥៤៤​ហិកតា ស្មើនឹង​១១០,៩៦% លើ​ផែនការ​៧ ៧០០​ហិកតា (​ក្នុង​នោះ​ដាំពោត​បាន​៦៩៥​ហិកតា​,​ដំឡូង​មី​១៥៦​ហិកតា​,​ដំឡូងជ្វា​២១១​ហិកតា​,​សណ្តែកបាយ​២ ១៣១​ហិកតា​,​ឪឡឹក​៤៣៩​ហិកតា​,​បន្លែ​គ្រប់មុខ​២ ២១៧​ហិកតា​,​អំពៅ​១៣៣​ហិកតា​,​ក្រចៅ​៣៧​ហិកតា​,​សណ្តែកដី​៣០១​ហិកតា​,​ថ្នាំជក់​១០០​ហិកតា​,​កក់​៥៤៨​ហិកតា​,​ឈូក​៧៥២​ហិកតា​)​។​

​ ដោយឡែក​ស្រូវប្រាំង​ចំនួន​៦០​ហិកតា​នៅក្នុង​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ដែល​ទទួលរង​នូវ​ការខ្វះ​ទឹក​កាលពី​សប្តាហ៍​មុន​នោះ ពេលនេះ​បាន​បញ្ចូល​ទឹក​សង្គ្រោះ​បាន​ទាំង​៦០​ហិកតា​វិញ​ហើយ​។​ មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង​សូម​អំពាវនាវ​ដល់​ប្រជាកសិករ​និង​អាជ្ញាធរ​មូលដ្ឋាន​ជួយ​រាយការណ៍​អោយ​បាន​ទាន់ពេល ក្នុង​ពេល​ដំណាំ​ទាំងអស់​ជួបប្រទះ​នូវ​ការ​ខ្វះខាត​ទឹក​ឬ​សត្វល្អិត​យារ​យី​ដើម្បី​មន្ទីរ​មាន​វិធានការណ៍​ជួយសង្គ្រោះ​អោយ​ទាន់​ពេលវេលា​៕

 
 
 
​ឈៀង ថា​រិ​ទ្ធ
 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner