ព័ត៌មានថ្មីៗ៖
 

យុវវ័យ​ខ្លះ​ប្រាប់​ថា​ មិន​ហ៊ាន​ឌុប​គ្នា​​ដើរ​លេង​នៅ​ថ្ងៃ​១៤ កុម្ភៈ​ទេ​ ខ្លាច​គេ​ថា​នែ

11 Feb 2014 08:35|ដោយ៖phanith | ព័ត៌មានជាតិ | មើល៖ 2502 | មតិ៖
 
បុណ្យ​នៃ​ក្តី​ស្រលាញ់​ ដែល​បាន​ចូល​មក​ដល់​ប្រទេស​កម្ពុជា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ នៅ​តែ​​​មាន​លក្ខណៈ​ផុស​ផុល​ខ្លាំង​សម្បើម​នៅ​​ឡើយ។ ​ក្រឡេក​មក​មើល​យុវវ័យ​ខ្មែរ​​មួយ​ចំនួន​វិញ​ ឲ្យ​តែ​ថ្ងៃ​ទី​​១៤​ ​កុម្ភៈ​​ចូល​មក​ដល់​ ​ ហាក់​ដូច​ជា​មិន​សូវ​ទំនេរ​ទេ ​ឃើញ​​តែ​ជិះ​ខ្វាត់​ខ្វែង​ អ្នក​ខ្លះ​កាន់​ផ្កា អ្នក​ខ្លះ​​ជិះ​ឱប​​តុក្កតា​ ឯ​អ្នក​ខ្លះ​ទៀត​ជិះ​ម៉ូតូ​ទំនើបៗ​ឌុប​សង្សារ​ខ្លួន។ ផ្ទុយ​ទៅ​វិញ​ បែរ​ជា​មាន​យុវវ័យ​មួយ​ចំនួន​គិត​ថា​ មិន​ហ៊ាន​ជិះ​ទៅ​ណា​នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ​នេះ​ទេ​ ខ្លាច​គេ​មើល​មក​គិត​ថា​ ពួក​គេ​ទៅ​ធ្វើ​អ្វី​ផ្តេស​ផ្តាស​​នៅ​ថ្ងៃ​នោះ។ ​​ ទោះ​​​​មិន​បាន​ទៅ​ធ្វើ​អ្វី​​មិន​ល្អ​ក៏​ដោយ​ តែ​បើ​សិន​ជា​ជិះ​ឌុប​គ្នា​ស្និត​ស្នាល​​ ដើរ​​លេង​នៅ​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រលាញ់ ច្បាស់​ជា​គេ​គិត​មក​ថា​ ​អាច​នឹង​ធ្វើ​អ្វី​ផ្ដេស​ផ្ដាស​​ជា​​មិន​ខាន​ឡើយ​នៅ​ថ្ងៃ​នោះ។ ដោយ​សារ​តែ​យល់​ឃើញ​​បែប​នេះ​ហើយ​ ទើប​​កញ្ញា​ ផាន់ ភាវី អាយុ​២៤ឆ្នាំ និស្សិត​ឆ្នាំ​ទី៤​ ​ជំនាញ​គណនេយ្យ​នៃ​វិទ្យាស្ថាន​វ៉ាន់​ដា​ បាន​និយាយ​​ថា៖ “ខ្ញុំ​មិន​ចង់​ជិះ​ម៉ូតូ​ទៅ​ណា​ជាមួយ​គ្នា​ទេ​​ នៅ​ថ្ងៃ​​ទី​១៤​ ​កុម្ភៈ​ ព្រោះ​មិន​ចង់​ឲ្យ​មាន​គេ​​មើល​មក​ថា​ ​ពួក​ខ្ញុំ​​​នាំ​គ្នា​ទៅ​ធ្វើ​អ្វី​ហួស​ហេតុ​“។ បន្ថែម​ពី​លើ​ហេតុ​ផល​មួយ​នេះ​ កញ្ញា​ ព្រំ សុជាតា​ អាយុ១៨ឆ្នាំ​ ជា​សិស្ស​នៃ​វិទ្យាល័យ​ផ្សារ​ដើម​ថ្កូវ​ បាន​លើក​ឡើង​ថា៖ “ទោះ​បី​ជា​យើង​មិន​ធ្វើ​អ្វី​ឲ្យ​ជ្រុល​ជ្រួស​មែន​ តែ​​នៅ​ពេល​ដែល​ទៅ​ដើរ​លេង​ជា​មួយ​សង្សារ​នៅ​ថ្ងៃ​១៤ ​កុម្ភៈ​ ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​រអៀស​ខ្លួន​ណាស់។ ហេតុ​ដូច​នេះ​ហើយ​ ទើប​ខ្ញុំ​សម្រេច​ចិត្ត​ថា​ នឹង​មិន​ចេញ​​ទៅ​ដើរ​លេង​ជាមួយ​សង្សារ​ទេ​ នៅ​ថ្ងៃ​ទី​១៤​ ​កុម្ភៈ​ខាង​មុខ​នេះ”។ ​​ទោះ​បី​ជា​យ៉ាង​ណា​ យុវជន ហេង វឌ្ឍនៈ ​អាយុ​២៣ឆ្នាំ និស្សិត​ឆ្នាំ​ទី​៤​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង​​ បាន​បញ្ចេញ​ទស្សនៈ​​​ផ្ទុយ​ពី​នេះ​ថា៖ “ខ្ញុំ​ទទួល​ស្គាល់​ថា​ នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ​ មាន​យុវវ័យ​មួយ​ចំនួន​បាន​នាំ​គ្នា​​​ទៅ​ធ្វើ​​អ្វី​​ហួស​ហេតុ ​ដូច​ដែល​​គេ​គិត​មែន​។ អ្នក​ខ្លះ​សុខ​ចិត្ត​លះបង់​ខ្លួន​ប្រាណ​ ដោយ​សារ​តែ​កាដូ​បន្តិច​បន្តួច​”។ វឌ្ឍនៈ បាន​បន្ថែម​ទៀត​ថា៖ ​”បើ​សិន​ជា​គ្រាន់​តែ​ដើរ​លេង​ ឌុប​គ្នា​ទៅ​ញ៉ាំ​អី​បន្តិច​បន្តួច​ជាមួយ​សង្សារ​ ​ដូច​ជា​គ្មាន​បញ្ហា​អ្វី​នោះ​ទេ ព្រោះ​ថ្ងៃ​នោះ​ គឺ​ជា​ថ្ងៃ​ដែល​ពិសេស​​ ថ្ងៃ​នៃ​ក្តី​ស្រលាញ់”។​​ ចំណែក​ឯ​យុវជន សៀក មករា ​អាយុ​២៤ឆ្នាំ​ ជា​និស្សិត​ទើប​បញ្ចប់​ឆ្នាំ​ទី​៤ ជំនាញ​ព័ត៌មាន​វិទ្យា​ នៃ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ​ បាន​លើក​ឡើង​ថា៖ “​ទោះ​បី​ជា​ចង់​ឌុប​សង្សារ​ទៅ​ដើរ​លេង​នៅ​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រលាញ់​នោះ​ ក៏​មិន​កើត​ដែរ​ ព្រោះ​ប៉ា​ម៉ាក់​គេ​មិន​ឲ្យ​ដើរ​លេង​ចេញ​ក្រៅ​ទេ ខ្លាច​កូន​គេ​​ទៅ​ធ្វើ​អ្វី​​ជ្រុល​ជ្រួស”៕
 
យិន សំបូរ​​​
 
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner