ព័ត៌មានថ្មីៗ៖
 

កម្ពុជា​នឹង​រៀបចំ​រត់​ប្រណាំង​ម៉ារ៉ាតុន​​អន្តរជាតិ​លើក​ដំបូង​​ឯ​ខេត្ត​សៀមរាប​នៅ​ខែ​សីហា

11 Feb 2014 12:12|ដោយ៖sopheaktra | ព័ត៌មានកីឡា | មើល៖ 3505 | មតិ៖
 

កម្ពុជា​នឹង​រៀបចំ​ព្រឹត្តិការណ៍​កីឡា​​រត់​ប្រណាំង​ម៉ារ៉ាតុង​​​អន្តរជាតិ​ជា​លើក​ដំបូង​របស់​ខ្លួន​នៅ​ឯ​ខេត្ត​សៀមរាប ក្នុង​អំឡុង​ខែ​ សីហា ឆ្នាំ ២០១៤ ខាង​មុខ​ ខណៈ​​​​ឆ្នាំ​កន្លង​​ទៅ​ប្រទេស​មួយ​នេះ​​​​រៀបចំ​បាន​ត្រឹម​​តែ​កម្មវិធី​រត់​ពាក់​កណ្ដាល​ម៉ារ៉ាតុន​តែ​ប៉ុណ្ណោះ។

ការ​បង្កើត​ព្រឹត្តិការណ៍​នេះ​ឡើង​​ត្រូវ​បាន​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា​​ (NOCC) ប្រាប់​អ្នក​សារព័ត៌មាន​ពី​ម្សិលមិញ​​នៅ​សាល​ប្រជុំ​ក្នុង​បរិវេណ​អាគារ​ NOCC ​ថា​ គឺ​​ស្រប​តាម​ការ​សំណូមពរ​របស់​អ្នក​ដែល​ធ្លាប់​រត់​ពាក់​កណ្ដាល​ម៉ារ៉ាតុន​​នា​ពេល​កន្លង​មក។ គ្រាន់​តែ​ប្រកាស​ថា​​ បង្កើត​រត់​ម៉ារ៉ាតុង​​ឡើង​ភ្លាម​ មាន​អ្នក​ចុះ​ឈ្មោះ​ចូលរួម​ប្រមាណ​ជាង ២០០ នាក់​រួច​ទៅ​ហើយ។

ប្រភព​បាន​បន្ថែម​ថា ការ​រៀបចំ​រត់​នេះ​​ គឺ​​នៅ​ខែ​សីហា ចំពេល​រដូវ​​កាល​ទេសចរណ៍​​​ ដូច្នេះ​សណ្ឋាគារ ផ្ទះ​សំណាក់​មួយ​ចំនួន​មាន​តម្លៃ​ថោក ជា​ហេតុ​អំណោយ​ផល​ដល់​អ្នក​ចូលរួម។ ម៉្យាង​ទៀត​ស្រប​ពេល​នឹង​ប្រទេស​មួយ​ចំនួន​ចាប់​ផ្ដើម​ត្រជាក់ ហើយ​អូស​ទាញ​ពួកគេ​អាច​មក​លំហែរ​នៅ​កម្ពុជា​បាន។

ព្រឹត្តិការណ៍​ដំបូង​នៅ​កម្ពុជា​​នេះ​គឺ​រៀបចំ​​នៅ​ចំ​ពី​មុខ​​ប្រាសាទ​អង្គរវត្ត​តែ​ម្ដង ខណៈ​រត់​ម៉ារ៉ាតុង​គឺ​ត្រូវ​​ប្រើ​ចម្ងាយ ៤២ គីឡូម៉ែត្រ។ តាម​គម្រោង​ក្រៅ​ពី​វិញ្ញាសា​រត់​ឆ្ងាយ អ្នក​រៀបចំ​កម្មវិធី​​ក៏​មាន​​បង្កើត​វិញ្ញាសា​​សម្រាប់​អ្នក​រត់​កម្សាន្ត​ដែរ​​ដោយ​មាន​ចម្ងាយ ២១ គីឡូម៉ែត្រ ចម្ងាយ ១០.៥ គីឡូម៉ែត្រ និង ៣ គីឡូម៉ែត្រ។

រាប់​ត្រួសៗ​ទៅ បូក​ទាំង​រត់​ម៉ារ៉ាតុន និង ពាក់​កណ្ដាល​ម៉ារ៉ាតុន ឆ្នាំ ២០១៤ នេះ​កម្ពុជា​​បង្កើត​ ការ​រត់​ប្រណាំង​ចំនួន ៥ កន្លែង​ខុសៗ​គ្នា រួម​មាន រត់​ពាក់​កណ្ដាល​ម៉ារ៉ាតុន​នៅ​ខេត្ត​ព្រះសីហនុ នៅ​ខែ មីនា, រត់​ពាក់​កណ្ដាល​ម៉ារ៉ាតុន​នៅ​ភ្នំពេញ ក្នុង​ខែ មិថុនា, រត់​ម៉ារ៉ាតុន​នៅ​សៀមរាប ខែ​សីហា, រត់​ពាក់កណ្ដាល​ម៉ារ៉ាតុន​នៅ​បូកគោ នៅ​ខែ​វិច្ឆិកា និង រត់​ពាក់​កណ្ដាល​ម៉ារ៉ាតុន​ ខេត្ត​សៀមរាប​ ខែ​ធ្នូ ឆ្នាំ ២០១៤ ខាង​មុខ៕

 
ម៉ឺន រស្មី
 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner