កម្ពុជានឹងរៀបចំព្រឹត្តិការណ៍កីឡារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិជាលើកដំបូងរបស់ខ្លួននៅឯខេត្តសៀមរាប ក្នុងអំឡុងខែ សីហា ឆ្នាំ ២០១៤ ខាងមុខ ខណៈឆ្នាំកន្លងទៅប្រទេសមួយនេះរៀបចំបានត្រឹមតែកម្មវិធីរត់ពាក់កណ្ដាលម៉ារ៉ាតុនតែប៉ុណ្ណោះ។
ការបង្កើតព្រឹត្តិការណ៍នេះឡើងត្រូវបានលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ប្រាប់អ្នកសារព័ត៌មានពីម្សិលមិញនៅសាលប្រជុំក្នុងបរិវេណអាគារ NOCC ថា គឺស្របតាមការសំណូមពររបស់អ្នកដែលធ្លាប់រត់ពាក់កណ្ដាលម៉ារ៉ាតុននាពេលកន្លងមក។ គ្រាន់តែប្រកាសថា បង្កើតរត់ម៉ារ៉ាតុងឡើងភ្លាម មានអ្នកចុះឈ្មោះចូលរួមប្រមាណជាង ២០០ នាក់រួចទៅហើយ។
ប្រភពបានបន្ថែមថា ការរៀបចំរត់នេះ គឺនៅខែសីហា ចំពេលរដូវកាលទេសចរណ៍ ដូច្នេះសណ្ឋាគារ ផ្ទះសំណាក់មួយចំនួនមានតម្លៃថោក ជាហេតុអំណោយផលដល់អ្នកចូលរួម។ ម៉្យាងទៀតស្របពេលនឹងប្រទេសមួយចំនួនចាប់ផ្ដើមត្រជាក់ ហើយអូសទាញពួកគេអាចមកលំហែរនៅកម្ពុជាបាន។
ព្រឹត្តិការណ៍ដំបូងនៅកម្ពុជានេះគឺរៀបចំនៅចំពីមុខប្រាសាទអង្គរវត្តតែម្ដង ខណៈរត់ម៉ារ៉ាតុងគឺត្រូវប្រើចម្ងាយ ៤២ គីឡូម៉ែត្រ។ តាមគម្រោងក្រៅពីវិញ្ញាសារត់ឆ្ងាយ អ្នករៀបចំកម្មវិធីក៏មានបង្កើតវិញ្ញាសាសម្រាប់អ្នករត់កម្សាន្តដែរដោយមានចម្ងាយ ២១ គីឡូម៉ែត្រ ចម្ងាយ ១០.៥ គីឡូម៉ែត្រ និង ៣ គីឡូម៉ែត្រ។
រាប់ត្រួសៗទៅ បូកទាំងរត់ម៉ារ៉ាតុន និង ពាក់កណ្ដាលម៉ារ៉ាតុន ឆ្នាំ ២០១៤ នេះកម្ពុជាបង្កើត ការរត់ប្រណាំងចំនួន ៥ កន្លែងខុសៗគ្នា រួមមាន រត់ពាក់កណ្ដាលម៉ារ៉ាតុននៅខេត្តព្រះសីហនុ នៅខែ មីនា, រត់ពាក់កណ្ដាលម៉ារ៉ាតុននៅភ្នំពេញ ក្នុងខែ មិថុនា, រត់ម៉ារ៉ាតុននៅសៀមរាប ខែសីហា, រត់ពាក់កណ្ដាលម៉ារ៉ាតុននៅបូកគោ នៅខែវិច្ឆិកា និង រត់ពាក់កណ្ដាលម៉ារ៉ាតុន ខេត្តសៀមរាប ខែធ្នូ ឆ្នាំ ២០១៤ ខាងមុខ៕