មនុស្សដល់ទៅ៧៧នាក់ បានត្រូវស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះដឹកជញ្ជូនយោធាមួយគ្រឿង របស់អាល់ហ្សេរី កាលពីថ្ងៃទី១១ កុម្ភៈ នៅភាគខាងកើតប្រទេស ។ នេះជាគ្រោះមហន្តរាយយន្តហោះដ៏អាក្រក់បំផុតមួយនៅប្រទេសនោះ ។ យោងតាមក្រសួងការពារជាតិអាល់ហ្សេរីថា ការធ្លាក់យន្តហោះបណ្តាលឱ្យមនុស្សស្លាប់៧៧នាក់ ហើយមនុស្សម្នាក់នៅរស់រានមានជីវិត តែត្រូវរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យយោធាតំបន់កុងស្តង់ទីន ។
អ្នកនៅរស់រានមានជីវិតម្នាក់ដែលក្បាលរបស់គេមានឈាមកកខាងក្នុង ត្រូវបានប្រទះឃើញដោយពួកអ្នកជួយសង្គ្រោះ ។ នាវេលាល្ងាចថ្ងៃទី១១ កុម្ភៈ នោះ សាកសពមនុស្ស៧៦នាក់ ក្នុងនោះមាននារី៤នាក់ ត្រូវបានពួកអ្នកជួយសង្គ្រោះប្រមូល ។ ប្រភពព័ត៌មានខាងលើនេះបន្តថា យន្តហោះ HERCULE C-130 នោះ ដែលធ្វើការហោះហើររវាងក្រុង TAMANRASSET និងក្រុងកុងស្តង់ទីន ដឹកកងទាហាន និងគ្រួសារយោធា ។ យន្តហោះនោះធ្លាក់ពេលហោះពីលើភ្នំ FORTAS ក្នុងតំបន់វីឡាយ៉ា វេលាថ្ងៃត្រង់។
ក្រសួងការពារជាតិអាល់ហ្សេរី គូសបញ្ជាក់ថា យន្តហោះនោះដឹកអ្នកដំណើរ៧៤នាក់ និងសមាជិកក្រុមយានិក៤នាក់ ។ វិទ្យុអាល់ហ្សេរី ដំបូងផ្សាយថា មានអ្នកស្លាប់ដល់ទៅ១០៣ នាក់ ។ ក្នុងសេចក្តីប្រកាសមួយក្រសួងនេះនិយាយថា លក្ខខណ្ឌឧតុនិយមដែលអាក្រក់បំផុតជាមួយព្យុះមួយអមដោយការធ្លាក់ព្រិលអាចជាប្រភពនៃការធ្លាក់យន្តហោះ ។ វាបានធ្លាក់ពេលហោះមកជិតដល់ព្រលានយន្តហោះកុងស្តង់ទីន ទៅហើយ ។ វិទ្យុអាល់ហ្សេរីផ្សាយថា អ្នកជួយសង្គ្រោះនៃផ្នែកការពារសុីវិលដល់ទៅជិត២៥០នាក់ បានលើកទៅកន្លែងយន្តហោះធ្លាក់ ដែលពិបាកចូលទៅ ព្រោះធាតុអាកាសអាក្រក់ ហើយជាតំបន់ភ្នំទៀតផង ។
អ្នកទទួលខុសត្រូវជាន់ខ្ពស់យោធាម្នាក់ វរសេនីយ៍ឯក LAHMADI BOUGUERN រៀបរាប់ប្រាប់ទីភ្នាក់ងារព័ត៌មានអាល់ហ្សេរី APS ថា មានខ្យល់បោកបក់ខ្លាំងចាប់តាំងពីប៉ុន្មានថ្ងៃមក ហើយក្នុងតំបន់នោះហើយធាតុអាកាសក្នុងតំបន់ក៏មើលមិនច្បាស់ដែរ ។ ប្រធានាធិបតីអាល់ហ្សេរី លោក ABDELAZIZ BOUTEFLIKA បានប្រកាសពីការកាន់មរណទុក្ខរយៈពេល៣ថ្ងៃ ហើយសម្តែងការចូលរួមមរណទុក្ខជាមួយគ្រួសារជនរងគ្រោះ ។ តាមរយៈសារមួយ លោកមានប្រសាសន៍ថា បណ្តាទាហានដែលស្លាប់ក្នុងការធ្លាក់យន្តហោះនោះ ជាទុក្ករបុគ្គលក្នុងការបំពេញកាតព្វកិច្ច រួចយើងប្រកាសពីការកាន់មរណទុក្ខជាតិរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១២ កុម្ភៈ ទៅ ។
គណៈកម្មការស៊ើបអង្កេតមួយ ត្រូវបានបង្កើតឡើង ហើយទៅកាន់កន្លែងយន្តហោះធ្លាក់ ដើម្បីកំណត់ពីមូលហេតុពិតប្រាកដនៃសោកនាដកម្មនោះ ។ យោងតាមកាសែតអាល់ហ្សេរីមួយថា គឺកាសែត EL WATAN ថា ប្រអប់ខ្មៅទាំង២នៃយន្តហោះនោះត្រូវបានរកឃើញ ។
គ្រោះថ្នាក់យន្តហោះដែលមានមនុស្សស្លាប់ច្រើននាពេលមុននេះនៅអាល់ហ្សេរី គឺកាលពីខែមីនា ឆ្នាំ២០០៣ ។ យន្តហោះធុនប៊ូអុីង 737-200 មួយគ្រឿង របស់ក្រុមហ៊ុនរដ្ឋអាល់ហ្សេរី AIR ALGERIE បានធ្លាក់ បណ្តាលឱ្យមនុស្សស្លាប់១០២នាក់ ហើយមនុស្សម្នាក់នៅរស់ ពេលធ្លាក់ក្រោយការហោះចេញពីព្រលានយន្តហោះក្រុង TAMANRASSET បន្តិច ៕