ព័ត៌មានថ្មីៗ៖
 

ធ្លាក់​យន្ត​ហោះ​យោធា​មួយ​គ្រឿង​នៅ​អាល់​ហ្សេរី​ស្លាប់​77​នាក់​ នៅ​រស់​ម្នាក់​គត់​

12 Feb 2014 11:47|ដោយ៖sopheaktra | អន្តរជាតិ | មើល៖ 3998 | មតិ៖
 

មនុស្ស​ដល់​ទៅ​៧៧​នាក់​ បាន​ត្រូវ​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ធ្លាក់​យន្ត​ហោះ​ដឹក​ជញ្ជូន​យោធា​មួយ​គ្រឿង​ របស់​អាល់​ហ្សេរី​ កាល​ពី​ថ្ងៃ​ទី​១១​ កុម្ភៈ​ នៅ​ភាគ​ខាង​កើត​ប្រទេស​ ។​ នេះ​ជា​គ្រោះ​មហន្ត​រាយ​យន្ត​ហោះ​ដ៏​អាក្រក់​បំផុត​មួយ​នៅ​ប្រទេស​នោះ​ ។​ យោង​តាម​ក្រសួង​ការ​ពារ​ជាតិ​អាល់​ហ្សេរី​ថា​ ការ​ធ្លាក់​យន្ត​ហោះ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៧៧​នាក់​ ហើយ​មនុស្ស​ម្នាក់​នៅ​រស់​រាន​មាន​ជីវិត​ តែ​ត្រូវ​របួស​ធ្ងន់​ បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​យោធា​តំបន់​កុង​ស្តង់​ទីន​ ។​

អ្នក​នៅ​រស់​រាន​មាន​ជីវិត​ម្នាក់​ដែល​ក្បាល​របស់​គេ​មាន​ឈាម​កក​ខាង​ក្នុង​ ត្រូវ​បាន​ប្រទះ​ឃើញ​ដោយ​ពួក​អ្នក​ជួយ​សង្គ្រោះ​ ។​ នា​វេលា​ល្ងាច​ថ្ងៃ​ទី​១១​ កុម្ភៈ​ នោះ​ សាក​សព​មនុស្ស​៧៦​នាក់​ ក្នុង​នោះ​មាន​នារី​៤​នាក់​ ត្រូវ​បាន​ពួក​អ្នក​ជួយ​សង្គ្រោះ​ប្រមូល​ ។​ ប្រភព​ព័ត៌​មាន​ខាង​លើ​នេះ​បន្ត​ថា​ យន្ត​ហោះ​ HERCULE C-130 នោះ​ ដែល​ធ្វើ​ការ​ហោះ​ហើរ​រវាង​ក្រុង​ TAMANRASSET និង​ក្រុង​កុង​ស្តង់​ទីន​ ដឹក​កង​ទាហាន​ និង​គ្រួសារ​យោធា​ ។​ យន្ត​ហោះ​នោះ​ធ្លាក់​ពេល​ហោះ​ពី​លើ​ភ្នំ​ FORTAS ក្នុង​តំបន់​វីឡាយ៉ា​ វេលា​ថ្ងៃ​ត្រង់​។​

ក្រសួង​ការ​ពារ​ជាតិ​អាល់​ហ្សេរី​ គូស​បញ្ជាក់​ថា​ យន្ត​ហោះ​នោះ​ដឹក​អ្នក​ដំណើរ​៧៤​នាក់​ និង​សមា​ជិក​ក្រុម​យានិក​៤​នាក់​ ។​ វិទ្យុ​អាល់​ហ្សេរី​ ដំបូង​ផ្សាយ​ថា​ មាន​អ្នក​ស្លាប់​ដល់​ទៅ​១០៣​  នាក់ ។​ ក្នុង​សេចក្តី​ប្រកាស​មួយ​ក្រសួង​នេះ​និយាយ​ថា​ លក្ខខណ្ឌ​ឧតុនិយម​ដែល​អាក្រក់​បំផុត​ជាមួយ​ព្យុះ​មួយ​អម​ដោយ​ការ​ធ្លាក់​ព្រិល​អាច​ជា​ប្រភព​នៃ​ការ​ធ្លាក់​យន្ត​ហោះ​ ។​ វា​បាន​ធ្លាក់​ពេល​ហោះ​មក​ជិត​ដល់​ព្រលាន​យន្ត​ហោះ​កុង​ស្តង់​ទីន​ ទៅ​ហើយ​ ។​ វិទ្យុ​អាល់​ហ្សេរី​ផ្សាយ​ថា​ អ្នក​ជួយ​សង្គ្រោះ​នៃ​ផ្នែក​ការ​ពារ​សុីវិល​ដល់​ទៅ​ជិត​២៥០​នាក់​ បាន​លើក​ទៅ​កន្លែង​យន្ត​ហោះ​ធ្លាក់​ ដែល​ពិបាក​ចូល​ទៅ​ ព្រោះ​ធាតុ​អាកាស​អាក្រក់​ ហើយ​ជា​តំបន់​ភ្នំ​ទៀត​ផង​ ។​

អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​យោធា​ម្នាក់​ វរ​សេនីយ៍​ឯក​ LAHMADI BOUGUERN រៀប​រាប់​ប្រាប់​ទីភ្នាក់​ងារ​ព័ត៌​មាន​អាល់​ហ្សេរី​ APS ថា​ មាន​ខ្យល់​បោក​បក់​ខ្លាំង​ចាប់​តាំង​ពី​ប៉ុន្មាន​ថ្ងៃ​មក​ ហើយ​ក្នុង​តំបន់​នោះ​ហើយ​ធាតុ​អាកាស​ក្នុង​តំបន់​ក៏​មើល​មិន​ច្បាស់​ដែរ​ ។​ ប្រធានា​ធិបតី​អាល់​ហ្សេរី​ លោក​ ABDELAZIZ BOUTEFLIKA បាន​ប្រកាស​ពី​ការ​កាន់​មរណ​ទុក្ខ​រយៈ​ពេល​៣​ថ្ងៃ​ ហើយ​សម្តែង​ការ​ចូល​រួម​មរណ​ទុក្ខ​ជាមួយ​គ្រួសារ​ជន​រង​គ្រោះ​ ។​ តាម​រយៈ​សារ​មួយ​ លោក​មាន​ប្រសាសន៍​ថា​ បណ្តា​ទាហាន​ដែល​ស្លាប់​ក្នុង​ការ​ធ្លាក់​យន្ត​ហោះ​នោះ​​ ជា​ទុក្ករ​បុគ្គល​ក្នុង​ការ​បំពេញ​កាតព្វ​កិច្ច​ រួច​យើង​ប្រកាស​ពី​ការ​កាន់​មរណ​ទុក្ខ​ជាតិ​រយៈ​ពេល​៣​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​១២​ កុម្ភៈ​ ទៅ​ ។​ 
គណៈ​កម្ម​ការ​ស៊ើប​អង្កេត​មួយ​ ត្រូវ​បាន​បង្កើត​ឡើង​ ហើយ​ទៅ​កាន់​កន្លែង​យន្ត​ហោះ​ធ្លាក់​ ដើម្បី​កំណត់​ពី​មូល​ហេតុ​ពិត​ប្រាកដ​នៃ​សោក​នាដ​កម្ម​នោះ​ ។​ យោង​តាម​កាសែត​អាល់​ហ្សេរី​មួយ​ថា​ គឺ​កាសែត​ EL WATAN ថា​ ប្រអប់​ខ្មៅ​ទាំង​២​នៃ​យន្ត​ហោះ​នោះ​ត្រូវ​បាន​រក​ឃើញ​ ។​

គ្រោះ​ថ្នាក់​យន្ត​ហោះ​ដែល​មាន​មនុស្ស​ស្លាប់​ច្រើន​នា​ពេល​មុន​នេះ​នៅ​អាល់​ហ្សេរី​ គឺ​កាល​ពី​ខែ​មីនា​ ឆ្នាំ​២០០៣​ ។​ យន្ត​ហោះ​ធុន​ប៊ូអុីង​ 737-200 មួយ​គ្រឿង​ របស់​ក្រុម​ហ៊ុន​រដ្ឋ​អាល់​ហ្សេរី​ AIR ALGERIE បាន​ធ្លាក់​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១០២​នាក់​ ហើយ​មនុស្ស​ម្នាក់​នៅ​រស់​ ពេល​ធ្លាក់​ក្រោយ​ការ​ហោះ​ចេញ​ពី​ព្រលាន​យន្ត​ហោះ​ក្រុង​ TAMANRASSET បន្តិច​ ៕​

 
 
ព្រះអាទិត្យ
 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner