ស្ទឹងត្រែង ៖ នៅតាមបណ្តាភូមិឃុំនៅក្នុងខេត្តស្ទឹងត្រែង បន្លែបង្ការគ្រប់ប្រភេទ ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំយកមកលក់នៅលើទីផ្សារ បន្ទាប់ពីពួកគាត់ទទួលបានការណែនាំពីមន្ទីរកសិកម្មដែលបានធ្វើការបង្ហាត់បង្រៀន ពីបច្ចេកទេសដាំដុះនិងផ្តល់ពូជឲ្យ។
ប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង ប្រមាណ៤០%បានធ្វើការផ្លាស់ប្ដូរនូវទម្លាប់ពីការធ្វើស្រែចម្ការខ្លះៗ មកចាប់យកអាជីពដាំបន្លែជាលក្ខណៈគ្រួសារ សម្រាប់ដោះស្រាយជីវភាពហើយសល់ពីការហូបចុក អាចយកមកលក់នៅទីផ្សារ ទទួលបានប្រាក់ចំណូលថែមទៀត។
លោកស្រ៊ុន ផេង អាយុឆ្នាំ៤៥ នៅភូមិរាជានុកូល សង្កាត់ក្រុងស្ទឹងត្រែង ក្រុង ខេត្តស្ទឹងត្រែងបាននិយាយអះអាងថា ពីមុនមកគ្រួសារគាត់ពុំដែលចេះដាំដំណាំបន្លែបង្ការ សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំគ្រួសារនោះទេ គឺធ្វើតែស្រែនិងចម្ការ រកប្រាក់ទិញបន្លែបង្ការមកហូបចុក ធ្វើឲ្យជីវភាពរស់នៅជួបការលំបាកច្រើន។ តែពេលនេះពួកគាត់ បានធ្វើការដាំដុះទទួលបានផលល្អ យកទៅលក់នៅទីផ្សារ បានប្រាក់កម្រៃគួរសម ដោយសារបន្លែមានរសជាតិឆ្ងាញ់ ជាងបន្លែនាំចូលពីប្រទេសជិតខាង ព្រោះបន្លែដែលប្រជាកសិករដាំ នៅតាមជនបទគ្មានជាតិគីមី។
លោកបានបន្តថា ចាប់ពីឆ្នាំ២០០៨មក លោកទទួលបានការបណ្តុះបណ្ដាលបច្ចេកទេសដាំដុះដំណាំកសិកម្ម និងទទួលបានគ្រាប់ពូជ ប្រើជីធម្មជាតិមិនមានការប៉ះពាល់ ដល់សុខភាពអ្នកទិញហូប។ នេះជាគំរោងអភិវឌ្ឍ របស់អង្គការដៃគូ និងមន្ទីរកសិកម្ម ដែលបានផ្តល់ឲ្យ បងប្អូនប្រជាពលរដ្ឋ មិនមែនតែនៅក្នុងភូមិរបស់លោកនោះទេ នៅមានតាមបណ្ដាឃុំផ្សេងៗទៀត ក៏ចេះដាំបន្លែបង្ការ ទទួលបានផលល្អប្រសើរ ហើយនៅសល់ពីការហូបចុក អាចយកទៅលក់លើទីផ្សារ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារបានបន្ថែមទៀតផង។
លោកស្រ៊ុន ផេងបានបន្តទៀតថា ពីមុនលោកដាំបន្លែមានផ្ទៃដីតូចល្មមទេ តែក្រោយពីលោកប្រកបរបរដាំបន្លែនេះឃើញថា ក្រុមគ្រួសារបានធូរធារច្រើន ព្រោះនៅក្នុងខេត្តស្ទឹងត្រែងទាំងមូល មានតម្រូវការបន្លែក្នុងស្រុកច្រើនជាង បន្លែនាំចូលពីប្រទេសជិតខាង ហើយនៅពេលនេះ លោកបានពង្រីកផ្ទៃដីដាំដុះបន្ថែមទៀត ដើម្បីតម្រូវទីផ្សារ។
លោក ទូច ធា ប្រធានមន្ទីរកសិកម្មខេត្តបានបញ្ជាក់ឲ្យដឹងថា ប្រជាកសិករ ប្រមាណជា៤០%ក្នុងចំណោម៩៥%នៅក្នុងខេត្តប្រកបរបរកសិកម្ម បច្ចុប្បន្នបានធ្វើការដាំដំណាំរួមផ្សំ តាមការណែនាំ និងទទួលបានការបណ្តុះបណ្តាល បច្ចេកទេសកសិកម្មផង ទទួលបានគ្រាប់ពូជផង ពួកគាត់បានអនុវត្តទៅតាមបច្ចេកទេស សម្រេចបានលទ្ធផលល្អប្រសើរ ពីមួយឆ្នាំទៅមួយឆ្នាំ។
លោកប្រធានមន្ទីរ បានបញ្ជាក់ទៀតថា មន្ទីរកសិកម្មនឹងបន្តអនុវត្តនៅគំរោងស្តារ និងអភិវឌ្ឍវិស័យកសិកម្ម ជួយដល់កសិករនៅឆ្នាំបន្តបន្ទាប់ នាពេលខាងមុខទៀត ដើម្បីជំរុញឲ្យកសិករយើង ចេះផ្តល់នៅបទពិសោធន៍ ឲ្យគ្នាទៅវិញទៅមក និងទទួលបានបច្ចេកទេសបង្កើតមុខរបរថ្មីៗ បន្ថែមទៀត៕