ព័ត៌មានថ្មីៗ៖
 

កសិករ​នៅ​ខេត្ត​ស្ទឹងត្រែង​ប្រមាណ​៤០%​ចាប់​យក​អាជីព​ដាំ​បន្លែ

14 Feb 2014 09:06|ដោយ៖phanith | កសិកម្ម | មើល៖ 6784 | មតិ៖
 

ស្ទឹងត្រែង ​៖​ នៅ​តាម​បណ្តា​ភូមិ​ឃុំ​នៅក្នុង​ខេត្តស្ទឹងត្រែង បន្លែ​បង្ការ​គ្រប់​ប្រភេទ ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​​​នាំ​យក​មក​លក់​នៅ​លើ​ទីផ្សារ​ ​​ បន្ទាប់ពី​ពួកគាត់​ទទួល​បាន​ការណែនាំ​ពី​មន្ទីរ​កសិកម្ម​ដែល​បាន​​ធ្វើ​ការបង្ហាត់បង្រៀន ពី​បច្ចេកទេស​ដាំ​ដុះ​និង​ផ្តល់​ពូជ​ឲ្យ។

ប្រជាពលរដ្ឋ​នៅ​ខេត្ត​ស្ទឹងត្រែង​​ ប្រមាណ​៤០%​បាន​ធ្វើការ​ផ្លាស់ប្ដូរ​នូវ​ទម្លាប់​ពី​ការ​ធ្វើ​ស្រែចម្ការ​ខ្លះៗ មក​ចាប់​យក​អាជីព​ដាំ​បន្លែ​ជា​​លក្ខណៈ​គ្រួសារ សម្រាប់​ដោះស្រាយ​ជីវភាព​ហើយ​សល់​ពី​ការ​ហូបចុក អាច​យក​មក​លក់​នៅ​ទីផ្សារ ទទួល​បាន​ប្រាក់ចំណូល​ថែមទៀត។

លោក​ស្រ៊ុន ផេង អាយុ​ឆ្នាំ​៤៥ នៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ក្រុង​ស្ទឹងត្រែង ក្រុង ខេត្តស្ទឹងត្រែង​បាន​និយាយ​អះអាង​ថា ពី​មុន​មក​គ្រួសារ​គាត់​ពុំ​ដែល​ចេះ​ដាំ​ដំណាំ​បន្លែ​​បង្ការ សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​គ្រួសារ​នោះ​ទេ គឺ​ធ្វើ​តែ​ស្រែ​និង​ចម្ការ​ រក​ប្រាក់​ទិញ​បន្លែ​បង្ការ​មក​ហូបចុក ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​ជួប​ការ​លំបាក​ច្រើន។ តែ​ពេលនេះ​ពួកគាត់ បានធ្វើ​ការ​ដាំដុះ​ទទួល​បាន​ផល​ល្អ យក​ទៅ​លក់​នៅ​ទីផ្សារ បាន​ប្រាក់កម្រៃ​គួរសម ដោយសារ​បន្លែ​មាន​រសជាតិ​ឆ្ងាញ់ ជាង​បន្លែ​នាំចូល​ពី​ប្រទេសជិតខាង ព្រោះ​បន្លែ​ដែល​ប្រជាកសិករ​ដាំ នៅ​តាម​ជនបទ​គ្មាន​ជាតិគីមី។

លោក​បាន​បន្ត​ថា ចាប់ពី​ឆ្នាំ​២០០៨​មក លោក​ទទួល​បាន​ការ​បណ្តុះ​បណ្ដាល​បច្ចេកទេស​ដាំ​ដុះ​ដំណាំ​កសិកម្ម និង​ទទួល​បាន​គ្រាប់ពូជ ប្រើ​ជីធម្មជាតិ​មិន​មាន​ការ​ប៉ះពាល់ ដល់​សុខភាព​អ្នកទិញ​ហូប។ នេះ​ជា​គំរោង​អភិវឌ្ឍ​ របស់​អង្គការ​ដៃគូ​ និង​មន្ទីរ​កសិកម្ម​ ដែល​បាន​ផ្តល់​ឲ្យ បងប្អូន​ប្រជាពលរដ្ឋ មិនមែន​តែ​នៅក្នុង​ភូមិ​របស់​លោក​នោះ​ទេ នៅ​មាន​តាម​បណ្ដា​ឃុំ​ផ្សេងៗ​ទៀត ក៏​ចេះ​ដាំ​បន្លែ​​បង្ការ​ ទទួល​បាន​ផល​ល្អ​ប្រសើរ ​ហើយ​នៅសល់​ពី​ការ​ហូបចុក អាច​យក​ទៅ​លក់​លើ​ទីផ្សារ ដើម្បី​​ទ្រទ្រង់​ជីវភាព​គ្រួសារ​បាន​បន្ថែម​ទៀត​ផង។

លោក​ស្រ៊ុន ផេង​បាន​បន្ត​ទៀត​ថា ពីមុន​លោក​ដាំ​បន្លែ​មាន​ផ្ទៃដី​តូច​ល្មម​ទេ តែ​ក្រោយពី​លោក​ប្រកបរបរ​ដាំ​បន្លែ​នេះ​ឃើញថា​ ក្រុម​គ្រួសារ​បាន​ធូរធារ​ច្រើន ព្រោះ​នៅ​ក្នុង​ខេត្តស្ទឹងត្រែង​ទាំងមូល មាន​តម្រូវការ​បន្លែ​​​ក្នុងស្រុក​ច្រើនជាង បន្លែ​នាំចូល​ពី​ប្រទេសជិតខាង ហើយ​នៅ​ពេល​នេះ លោក​បាន​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​បន្ថែម​ទៀត ដើម្បី​តម្រូវ​ទីផ្សារ។

លោក ទូច ធា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បានបញ្ជាក់​ឲ្យ​ដឹងថា ប្រជាកសិករ ប្រមាណ​ជា​៤០%​ក្នុង​ចំណោម​៩៥%នៅក្នុង​ខេត្ត​ប្រកប​របរ​កសិកម្ម បច្ចុប្បន្ន​បាន​ធ្វើ​ការ​ដាំ​ដំណាំ​រួមផ្សំ តាម​ការណែនាំ និង​ទទួល​បាន​ការ​បណ្តុះបណ្តាល បច្ចេកទេស​កសិកម្ម​ផង ទទួលបាន​គ្រាប់ពូជ​ផង ពួកគាត់​បាន​អនុវត្ត​ទៅតាម​បច្ចេកទេស សម្រេច​បាន​លទ្ធផល​ល្អ​ប្រសើរ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។

លោក​ប្រធាន​មន្ទីរ បាន​បញ្ជាក់​ទៀត​ថា មន្ទីរ​កសិកម្ម​នឹង​បន្ត​អនុវត្ត​នៅ​គំរោង​ស្តារ​ និង​អភិវឌ្ឍ​​​វិស័យ​កសិកម្ម ជួយ​ដល់​កសិករ​នៅ​ឆ្នាំ​បន្តបន្ទាប់ នា​ពេល​ខាងមុខ​ទៀត ដើម្បី​ជំរុញ​ឲ្យ​កសិករ​យើង ចេះ​ផ្តល់​នៅ​បទពិសោធន៍ ឲ្យ​គ្នា​ទៅវិញទៅមក និង​ទទួលបាន​បច្ចេកទេស​​បង្កើត​មុខរបរ​ថ្មីៗ បន្ថែម​ទៀត៕

 
ងិន លីម
 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner