អង្គការករុណាឃាត ប្រកាសជួយបញ្ចប់ជីវិតចាស់ជរា ដែលចង់ស្លាប់ដោយស្ងៀមស្ងាត់
28 May 2014 09:52|ដោយ៖sopheaktra | អន្តរជាតិ | មើល៖ 6746 |
AFP ផ្សាយថា អង្គការករុណាឃាតក្នុងប្រទេសស្វ៊ីសប្រកាសថា នឹងពង្រីកការជួយបំពេញបំណងអ្នកជំងឺចាស់ជរា ដែលចង់បញ្ចប់ជីវិតដោយស្ងប់ស្ងាត់ ទោះបីមិនឈឺធ្ងន់ដល់ដំណាក់កាលចុងក្រោយក៏ដោយ ។
Exit A.D.M.D ជាអង្គការនៅប្រទេសស្វ៊ីស ប្រើភាសាបារាំងជាយាន បានប្រកាសជាផ្លូវការក្នុងពេលបើកមហាសន្និបាត កាលពីខែមេសា ២០១៤ ថា នឹងបម្រើផ្នែកករុណាឃាតដល់ចាស់ជរាដែលឈឺ និងមិនត្រូវការរស់នៅបន្ត។
លោកហ្សេរ៉ូម សូបែល ប្រធានអង្គការករុណាឃាត បានផ្តល់បទសម្ភាសន៍ជាមួយ AFP ថា «ភារកិច្ចរបស់យើង គឺជួយសង្គ្រោះដល់អ្នកជំងឺ និងជ្រើសយកគុណភាពរស់នៅដ៏ល្អ ច្រើនជាងការមានជីវិតរស់នៅរយៈពេលយូរ ប៉ុន្តែរងទុក្ខវេទនា» ។ លោកបញ្ជាក់ថា ភារកិច្ចរបស់អង្គការមិនល្មើសលើច្បាប់ណាមួយរបស់ស្វ៊ីសទេ ។ ច្បាប់ស្វ៊ីសអនុញ្ញាតជួយឱ្យអ្នកផ្សេងស្លាប់តាំងពីអំឡុងឆ្នាំ១៩៤០ ក្នុងករណីដែលបុគ្គលនោះមានសតិសម្បជញ្ញៈគ្រប់គ្រាន់ និងការជួយឱ្យស្លាប់មិនបានធ្វើឡើងដើម្បីផលប្រយោជន៍បុគ្គល ឬប្រាក់ទេ ។
បច្ចុប្បន្នមានអង្គការជាច្រើនបានបំពេញបំណងអ្នកជំងឺក្នុងដំណាក់កាលចុងក្រោយ ដែលចង់បញ្ចប់ជីវិតយ៉ាងស្ងប់ស្ងាត់ ដោយភាគច្រើនផ្តល់ឱសថក្នុងបរិមាណខ្ពស់ធ្វើឱ្យស្លាប់ ដោយអ្នកជំងឺត្រូវប្រតិបត្តិដោយផ្ទាល់ ។
Exit A.D.M.D បម្រើតែអ្នកជំងឺនៅក្នុងប្រទេសស្វ៊ីសប៉ុណ្ណោះ ។ អង្គការនេះបានបំពេញបំណងអ្នកជំងឺចង់ស្លាប់សរុបចំនួន១៥៥នាក់កាលពីឆ្នាំមុន ភាគច្រើនជាអ្នកជំងឺមហារីកក្នុងដំណាក់កាលចុងក្រោយ ។ អង្គការ Exit បានប្រតិបត្តិលក្ខណៈករុណាឃាតដល់អ្នកជំងឺសរុប៤៥៩នាក់នៅក្នុងឆ្នាំ២០១៣ ជាអង្គការក្នុងសាខាតែមួយ ដោយបំពេញការងារនៅក្នុងភូមិភាគប្រើភាសាអាល្លឺម៉ង់ និងអុីតាលី ។
លោកសូបែលបញ្ជាក់ថា មានពលរដ្ឋជាច្រើនបានអំពាវនាវឱ្យ Exit A.D.M.D ជួយធ្វើករុណាឃាតដល់ចាស់ជរា ដែលមានសុខភាពចុះខ្សោយ ប៉ុន្តែមិនឈឺធ្ងន់ស្ថិតក្នុងដំណាក់កាលចុងក្រោយ ប្រសិនបើមានអាយុលើសពី៧៥ឆ្នាំ ត្រចៀកថ្លង់ និងពិការភ្នែក ។ មតិពលរដ្ឋទាំងនោះលើកឡើងថា បើសិនមិនជួយ ក៏អាចរងការចោទប្រកាន់ថា ល្មើសលើបុគ្គល ព្រោះបង្ខំឱ្យរស់នៅមានជីវិតបន្តទាំងលំបាក ៕