ព័ត៌មានថ្មីៗ៖
 

អង្គការ​ករុណា​ឃាត​ ប្រកាស​ជួយ​បញ្ចប់​ជីវិត​ចាស់​ជរា​ ដែល​ចង់​ស្លាប់​ដោយ​ស្ងៀម​ស្ងាត់​

28 May 2014 09:52|ដោយ៖sopheaktra | អន្តរជាតិ | មើល៖ 5353 | មតិ៖
 
AFP ផ្សាយថា​ អង្គការ​ករុណា​ឃាត​ក្នុង​ប្រទេស​ស្វ៊ីស​ប្រកាស​ថា​ នឹង​ពង្រីក​ការ​ជួយ​បំពេញ​បំណង​អ្នក​ជំងឺ​ចាស់​ជរា​ ដែល​ចង់​​បញ្ចប់​ជីវិត​ដោយ​ស្ងប់​​ស្ងាត់​ ទោះ​បី​មិន​ឈឺធ្ងន់​​ដល់​ដំណាក់​កាល​ចុង​ក្រោយ​ក៏​ដោយ ។​

Exit A.D.M.D ជា​អង្គការ​នៅ​ប្រទេស​ស្វ៊ីស​ ប្រើ​ភាសា​បារាំង​ជា​យាន​ បាន​ប្រកាស​ជា​ផ្លូវ​ការ​ក្នុង​ពេល​បើក​មហា​សន្និ​បាត​ កាល​ពី​ខែ​មេសា ២០១៤​ ​ថា​ នឹង​បម្រើ​ផ្នែក​ករុណា​ឃាត​ដល់​ចាស់​ជរា​ដែល​ឈឺ​ និង​មិន​ត្រូវ​ការ​រស់​នៅ​បន្ត។​

លោក​ហ្សេ​រ៉ូម​ សូបែល​ ប្រធាន​អង្គ​ការ​ករុណា​ឃាត​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ AFP ថា «ភារកិច្ច​របស់​យើង គឺ​ជួយ​សង្គ្រោះ​ដល់​អ្នក​ជំងឺ​ និង​ជ្រើស​យក​គុណ​ភាព​រស់​នៅ​ដ៏​ល្អ​ ច្រើន​ជាង​ការ​មាន​ជីវិត​រស់​នៅ​រយៈពេល​យូរ​​ ប៉ុន្តែ​រង​ទុក្ខ​វេទនា​» ។​ លោក​​បញ្ជាក់​ថា​ ភារកិច្ច​របស់​អង្គការ​មិន​ល្មើស​លើ​ច្បាប់​ណា​មួយ​របស់​ស្វ៊ីស​ទេ ។​ ច្បាប់​ស្វ៊ីស​អនុញ្ញាត​ជួយ​ឱ្យ​អ្នក​ផ្សេង​ស្លាប់តាំងពី​អំឡុងឆ្នាំ​១៩៤០​ ក្នុង​ករណី​ដែល​បុគ្គល​នោះ​មាន​សតិ​សម្បជញ្ញៈ​គ្រប់​គ្រាន់​ និង​ការ​ជួយ​ឱ្យ​ស្លាប់​មិន​បាន​ធ្វើ​ឡើង​ដើម្បី​ផល​ប្រយោជន៍​បុគ្គល​ ឬ​ប្រាក់ទេ​ ។​

បច្ចុប្បន្ន​មាន​អង្គការ​ជា​ច្រើន​បាន​បំពេញ​បំណង​អ្នក​ជំងឺ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​ ដែល​ចង់​បញ្ចប់​ជីវិត​យ៉ាង​ស្ងប់​ស្ងាត់​ ដោយ​ភាគច្រើន​​ផ្តល់​ឱសថ​ក្នុងបរិមាណ​ខ្ពស់​ធ្វើ​ឱ្យ​ស្លាប់​ ដោយ​អ្នក​ជំងឺ​ត្រូវ​​ប្រតិបត្តិ​ដោយ​ផ្ទាល់ ។​

Exit A.D.M.D បម្រើ​តែ​អ្នក​ជំងឺ​នៅ​ក្នុង​ប្រទេស​ស្វ៊ីស​​ប៉ុណ្ណោះ ។​ អង្គការ​នេះ​បាន​បំពេញ​បំណង​អ្នក​ជំងឺ​ចង់​ស្លាប់​សរុប​ចំនួន​១៥៥​នាក់​​កាល​ពី​ឆ្នាំមុន​​ ភាគ​ច្រើន​ជាអ្នក​ជំងឺ​មហា​រីក​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ ។​ អង្គការ​ Exit បាន​ប្រតិបត្តិ​លក្ខណៈ​ករុណា​ឃាត​ដល់​អ្នក​ជំងឺ​សរុប​៤៥៩​នាក់​នៅ​ក្នុងឆ្នាំ​២០១៣​ ជា​អង្គការ​ក្នុង​សាខា​តែ​មួយ​ ដោយ​បំពេញ​ការងារ​នៅ​ក្នុង​ភូមិ​ភាគ​ប្រើ​ភាសា​​អាល្លឺម៉ង់​ និង​អុីតាលី ។​

លោកសូបែល​បញ្ជាក់​ថា​ មាន​ពលរដ្ឋ​ជា​ច្រើន​បាន​អំពាវនាវ​ឱ្យ​ Exit A.D.M.D ជួយ​ធ្វើ​ករុណា​ឃាត​ដល់​ចាស់​ជរា​ ដែល​មាន​​សុខ​ភាព​ចុះ​ខ្សោយ​ ប៉ុន្តែ​មិន​ឈឺ​ធ្ងន់​ស្ថិត​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​ ប្រសិន​បើ​មាន​អាយុ​លើសពី​៧៥​ឆ្នាំ ត្រចៀក​ថ្លង់​ និង​ពិការ​ភ្នែក​ ។ មតិ​ពល​រដ្ឋ​ទាំង​នោះ​លើក​ឡើង​ថា បើ​សិន​មិន​ជួយ ក៏​អាច​រង​​ការ​ចោទ​ប្រកាន់​ថា​ ល្មើស​លើ​បុគ្គល​ ព្រោះ​បង្ខំ​ឱ្យ​រស់​នៅ​មាន​ជីវិត​បន្ត​ទាំងលំបាក​ ៕​
 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner