ព័ត៌មានថ្មីៗ៖
 

Yamaha ៥ឆ្នាំ​ទៀត​ ​ចង់​ដណ្តើម​​ទីផ្សារ​ម៉ូតូឲ្យ​បាន ២០

10 Aug 2013 22:08|ដោយ៖admin | បច្ចេកវិទ្យា | មើល៖ 1392 | មតិ៖
 

Yamaha កំពុង​តែ​ដាក់​ផែនការ និង​រិះរក​យុទ្ធសាស្ត្រ​ថ្មីៗ​ ធ្វើ​យ៉ាង​ណា​ដើម្បី​អាច​ដណ្តើម​ចំណែក​ទីផ្សារ​លក់​ម៉ូតូ​នៅ​កម្ពុជា​​ឲ្យ​បាន ២០ % ក្នុង​រយៈពេល ៥ ឆ្នាំ​ខាង​មុខ។

ការ​ប្រើប្រាស់​ម៉ូតូ​ Yamaha នៅ​ក្នុង​ចំណោម​ពលរដ្ឋ​កម្ពុជា ត្រូវ​គេ​មើល​ឃើញ​ថា នៅ​មាន​កម្រិត​តិចតួច​នៅ​ឡើយ បើ​ប្រៀបធៀប​គូប្រជែង​ដូចជា​ហុងដា និង​ស៊ុយស៊ុយគី ខណៈ​ដែល​ទីផ្សារ​ប្រើប្រាស់​ម៉ូតូ​មាន​ការ​កើន​ឡើង​នោះ។

លោក លោក គង់ នួន ប្រធាន​ក្រុមហ៊ុន Yamaha Motor Cambodia បាន​ឲ្យ​ដឹង​នា​ឱកាស​បើក​សម្ពោធ​ សាខា​ថ្មី Yamaha Town Bokor កាល​ពី​ព្រឹកមិញ​នេះ​ថា ជា​ផែន​ការ ក្រុមហ៊ុន Yamaha នឹង​ខិតខំ​ពង្រីក​ទីផ្សារ​លក់​ម៉ូតូ​ឲ្យ​បាន ២០ % នៃ​ទីផ្សារ​ប្រើប្រាស់​ម៉ូតូ​នៅ​កម្ពុជា​ក្នុង​រយៈពេល ៥ ឆ្នាំ​ខាង​មុខ​នេះ។

លោក​ថា គម្រោង​នេះ​នឹង​អាច​សម្រេច​បាន​ជោគជ័យ បន្ទាប់​ពី​លោក​មើល​ឃើញ​ថា​ម៉ូតូ​ម៉ាក Yamaha កាន់​តែ​ទទួល​បាន​ការ​គាំទ្រ និង​ការ​ចាប់​អារម្មណ៍​ពី​ស្រទាប់​មហាជន​កម្ពុជា​​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

បច្ចុប្បន្ន​នេះ មាន​ម៉ូតូ​ម៉ាក Yamaha ថ្មីៗ​ជា​ច្រើន​ត្រូវ​បាន​នាំ​ចូល​មក​លក់​និង​ចែកចាយ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា ក្នុង​នោះ​មាន​ម៉ាក​មួយ​ចំនួន​ក៏​កំពុង​ទទួល​បានការ​ចាប់​អារម្មណ៍​ដូចជា Fino, TTX និង​ FZ ជា​ដើម។

លោក សៅ សុខនី នាយក​គ្រប់គ្រង​ហាង Yamaha Town Bokor បាន​បង្ហាញ​សុទិដ្ឋិនិយម​សម្រាប់​ការ​លក់​ផលិតផល​ម៉ូតូ Yamaha នៅ​កម្ពុជា​នោះ​ដែរ​ ដោយ​លោក​បាន​បញ្ជាក់​ថា ការ​ផ្តល់​ផលិតផល​ប្រកប​ដោយ​គុណភាព ជាមួយ​តម្លៃ​ប្រកួត​ប្រជែង និង​សេវា​ដ៏​ល្អ​ដល់​អតិថិជន ជាយុទ្ធសាស្រ្ត​ដែល Yamaha នឹង​អនុវត្ត​សម្រាប់​ការ​ឈាន​ទៅ​សម្រេច​គោលដៅ​នោះ។

“ចំណែក​ទីផ្សារ​របស់​យើង​មាន​ប្រហែល ៣ % ប៉ុណ្ណោះ ដែល​ចំនួន​នេះ​គឺ​តួច​តួច​ណាស់​បើ​មើល​លើ​ទីផ្សារ​ប្រើប្រាស់។ យើង​នឹង​ខិតខំ​ធ្វើ​ឲ្យ​មាន​ភាព​ទំនើប​ទៅ​លើ​ផលិតផល​ម៉ូតូ​ ដោយ​ក្រៅ​ពី​ការ​ខិតខំ​ពង្រឹង​គុណភាព​គឺ​ការ​កែ​ប្រែ​រូបរាង​ឲ្យ​កាន់​តែ​ឡូយឆាយ ដើម្បី​ឲ្យ​ទាន់សម័យ​កាល​និង​ការ​និយម​ចូលចិត្ត​របស់​អតិថិជន”។

បន្ថែម​ពី​នេះ លោក​ថា ការ​ពង្រីក​ដៃគូ​ចែកចាយ​លក់​កាន់​តែ​ច្រើន​នៅ​ទូទាំង​ប្រទេស​ក៏​ជា​យុទ្ធសាស្រ្ត​ ដែល​នឹង​អាច​ជួយ​ជំរុញ​ការ​លក់​ឲ្យ​មាន​ការ​កើន​ឡើង​នោះ​ដែរ។

 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner