ព័ត៌មានថ្មីៗ៖
 

អគារ​ម៉ូដ​ប្លែក​បំផុត​ក្នុង​លោក​ជា​មរតក​នៃ​ស្ថាបត្យកម្ម​អូទ្រីស

11 Aug 2013 12:14|ដោយ៖admin | ជីវិតកម្សាន្ត | មើល៖ 2649 | មតិ៖
 

ក្រុងវីយែន : លោក​ហ្វ្រេដិនស្រេច​ហាន់ឌើតវ៉ាស័រ (​Friedensreich Hundertwasser​) គឺជា​ស្ថាបត្យករ​ជាតិ​អូទ្រីស​ដ៏​ល្បី​មួយ​ដែល​គេ​បាន​ស្គាល់​លោក​តាមរយៈ​ ស្នាដៃ​សាងសង់​អគារ​ដែល​មាន​រូបរាង​ចម្លែក​ផ្ទុយ​ពី​ក្បួនខ្នាត​សំណង់ និង​ប្រើ​សិល្បៈ​លាប​ពណ៌​ខុស​គេ​ដែរ។

វិចិត្រករ និង​ស្ថាបត្យករ​រូប​នេះ​ប្រសូត​នៅ​ឆ្នាំ​១៩២៨ និង​ទទួល​មរណភាព​នៅ​ឆ្នាំ​២០០០។ ដើម​ឡើយ​លោក​គ្រាន់​តែ​ចង់​ប្រើ​ស្នាដៃ​គំនូរ​បែប​ស្រមើស្រមៃ​រំលេច​ទៅ​ជា​ សំណង់​អគារ​ពិតប្រាកដ​ប៉ុណ្ណោះ។ លុះ​ក្រោយ​មក​លោក​ក៏​បាន​ទុក​ក្បួនខ្នាត​ស្ថាបត្យកម្ម​មួយ​អន្លើ ហើយ​ចាប់​ផ្ដើម​គូស និង​សង់ម៉ូដ​អគារ​ប្លែក​ៗ​ដែល​មាន​ផ្ទៃ​ការ៉ូ និង​ដំបូល​កំពីកកំពក​មិន​រាប​ស្មើ​។ តួ​អគារ​ទ្រេត វៀច​ក្រវិកក្រវក់​ដូច​កូនក្មេង​គូស​វាស​លេង​។ អគារ​ខ្លះ​រាង​ពត់ពេន​ដូចជា​សត្វពស់​។ សូម្បី​តែ​បង្អួច​ក៏​មិន​ត្រង់​ជួរ​គ្នា​ដែរ ហើយ​ជួនកាល​អគារ​ក៏​មាន​ដើមឈើ​ដុះ​លៀន​ចេញ​មក​ក្រៅ​ផង​ដែរ​។

គួរ បញ្ជាក់​ថា​លោក​ហ្វ្រេដិនស្រេច​ហាន់ឌើតវ៉ាស័រ​បាន​ចាប់​ផ្តើម​នូវ​គម្រោង​ ស្ថាបត្យកម្ម​អគារ​ខាង​លើ​ឡើង​នៅក្នុង​ឆ្នាំ​១៩៥០​។ គម្រោង​ទាំងនេះ​ស្ថាបនា​ទៅ​តាម​លក្ខខណ្ឌ​ធម្មជាតិ​និង​សណ្ឋាន​ដី ហើយ​វា​ជា​ម៉ូដ​អគារ​ដែល​គ្មាន​ពីរ​ទេ​ក្នុង​លោក​។ សំណង់​អគារ​ហាន់ឌើតវ៉ាស័រហោស៍​គឺជា​ស្នាដៃ​ដ៏​ល្បី​មួយ​ស្ថិត​នៅក្នុង​ ទីក្រុង​វីយែន​ប្រទេស​អូទ្រីស​។ សំណង់​អគារ​នោះ​មាន​ការ​តុបតែង​លម្អ​តាំងពី​ជាន់​ក្រោម​ដល់​ដំបូល​និង​ខាង​ ក្នុង​បន្ទប់​ខណៈ​គេ​ឃើញ​មាន​ដើមឈើ​និង​ស្មៅ​លម្អ​ផង​ដែរ​។

លោក​គឺជា​ស្ថាបត្យករ​មួយ​រូប​ដែល​ប្រឆាំង​ដាច់​ខាត​នឹង​ការ​សង់​អគារ​តាម ​ក្បួនខ្នាត​សំណង់ ព្រោះ​លោក​គឺជា​មនុស្ស​មាន​ទំនោរ​ទៅ​រក​សិទ្ធិ​សេរីភាព​ហើយ​លោក​គិត​ថា សំណង់​អគារ​គួរ​តែ​ស្ថាបនា​តាម​ការ​នឹកស្រមៃ​ឃើញ ជា​ជាង​តាម​ក្បួន​ខ្នាត​គណិតវិទ្យា​។

កិត្តិសព្ទ​របស់​លោក​ហ្វ្រេដិនស្រេច ហាន់ឌើតវ៉ាស័រ កាន់​តែ​មាន​ភាព​ល្បី​ខ្លាំង​ឡើង​ៗ​លើ​ឆាក​អន្តរជាតិ​ហើយ​ស្នាដៃ​របស់​លោក​ បាន​រីក​ស្គុសស្គាយ​នៅ​បណ្ដា​ប្រទេស​ជាច្រើន​ដូចជា អាល្លឺម៉ង់ សហរដ្ឋ​អាមេរិក និង​នូវែលសេ៕

 
 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner