ព័ត៌មានថ្មីៗ៖
 

សោភ័ណ្ឌ លីនដា ត្រៀម​ជះ​លុយ​រាប់​ម៉ឺន​ដុល្លារ បើក​ហាង​លក់​បាយ និង​គ្រឿង​ក្លែម

12 Aug 2013 16:40|ដោយ៖admin | ជីវិតកម្សាន្ត | មើល៖ 2591 | មតិ៖
 

ភ្នំពេញ៖ ក្រោយពីអាជីពសិល្បៈ កំពុងទទួលបានជោគជ័យជាបណ្តើរៗ ពេលនេះតារាសម្តែង និងជាតារាបង្ហាញម៉ូដ កញ្ញា សោភ័ណ្ឌ លីនដា បានប្រាប់ឱ្យដឹងថា មួយរយៈនេះ នាងកំពុងតែមានការមមាញឹកច្រើនគួរសម តាមរយៈនៃការថតឈុតកាយវិការខារ៉ាអូខេ ថតស្ប៉តពាណិកជកម្មមួយចំនួន។

ទន្ទឹមជាមួយគ្នានេះ នាងក៏បានបង្ហើបប្រាប់ ពីគម្រោងត្រៀមខ្លួន ក្នុងការបើកហាងលក់បាយ និងគ្រឿងក្លែមគ្រប់មុខមួយកន្លែង ក្រៅពីអាជីពសិល្បៈ។

ជួបសំណេះសំណាល ជាមួយគេហទំព័រ មួយ តាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៣ តារាសម្តែងវ័យ២០ ឆ្នាំ កញ្ញា សោភ័ណ្ឌ លីនដា បានប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះ នាងមមាញឹកខ្លាំង លើការសម្តែងកាយវិកាខារ៉ាអូខេ និងការដើរម៉ូដ។

ជាមួយគ្នានេះ តារាសម្តែងពន្លកថ្មី មានដើមកំណើតមកពីទឹកដីខេត្តព្រៃវែង កញ្ញា សោភ័ណ្ឌ លីនដា ក៏បានបង្ហើបឱ្យដឹងដែរថា សព្វថ្ងៃនេះ នាងមានគម្រោង ផ្ទាល់ខ្លួនមួយក្រៅពីសិល្បៈ គឺកំពុងតែសម្លឹងរកទីតាំងសម្រាប់ បើកហាងលក់បាយ និង គ្រឿងក្លែមគ្រមមុខ ។ ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់រកឃើញទីតាំងល្អនៅឡើយទេ ។

ស្រីស្រស់សម្បុរស្រអែម សោភ័ណ្ឌ លីនដា បាននិយាយឲ្យដឹងទៀតថា គម្រោងមួយនេះ និងលេចចេញជារូបរាងឡើង នៅក្នុងពេលឆាប់ៗនេះ បើសិនជាអាចរកឃើញទីតាំងសមរម្យ ដែលអាចបើកបាន។ ចំណែកឯដើមទុន ដែលត្រូវនឹងចំណាយ ក្នុងការបើកហាងរកស៊ីផ្ទាល់ខ្លួនមិនត្រូវបាន លីនដា បញ្ជាក់ប្រាប់ឱ្យបានដឹងនោះទេ គឺគ្រាន់តែនិយាយថា លុយដែលនឹងត្រូវ យកមកចំណាយ លើការបើកហាង គឺជាលុយរបស់នាង ដែលបានមកពីការសន្សុំ ពីការងារសិល្បៈ។

សោភ័ណ្ឌ លីនដា បានបន្ថែមថា រាល់ថ្ងៃនេះ គឺគ្មានអ្នកណាម្នាក់ចាំជូយឧបត្ថម្ភនោះទេ ហើយលុយដែលនាងគ្រោងចំណាយបើកហាង គឺជាលុយដែលរកបានដោយញើសឈាមខ្លួនឯង ពីការងារសិល្បៈតែម្តង។ ជាមួយនឹងការបង្ហើបប្រាប់ឲ្យដឹងនេះ កញ្ញា លីនដា ក៏បានដាក់ក្តីសង្ឃឹមថា នាងនឹងទទួលបានជោគជ័យ ក្នុងការបើកហាងរកស៊ី។

ស្ថិតក្នុងវ័យ២០ ឆ្នាំជាតារាសម្តែង និងតារាបង្ហាញម៉ូដ ទើបដុះចេញពន្លក នៅលើវិស័យសិល្បៈ កញ្ញា សោភ័ណ្ឌ លីនដា ក្រោយពីបានឈានជើងចូលប្រឡូក អស់រយៈពេលជិតមួយឆ្នាំមកនេះ ឃើញថា ប្រជាប្រិយភាព និង ការគាំទ្រចាប់ផ្តើមមាន សន្ទុះ ក្នុងកើនឡើង ទៅមុខជាគួរឱ្យគត់សម្គាល់។

អំឡុងនៃការចូលខ្លួន ចាប់យកអាជីព ជាអ្នកសិល្បៈ តារាវ័យក្មេង សោភ័ណ្ឌ លីនដា បានបង្ហាញវត្តមានតាមរយៈ ការសម្តែង ឈុតកាយវិកាខារ៉ាអូខេ ការបង្ហាញម៉ូដ នៅតាមបណ្តាកម្មវិធីតូច ធំមួយចំនួន របស់បណ្តាស្ថានីយទូរទស្សន៍ និងការថតស្ប៉តពាណិកជកម្មជាដើម៕

 
 
 
 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner