ព័ត៌មានថ្មីៗ៖
 

ពលរដ្ឋ​រាប់​ពាន់​នាក់​ប្រជ្រៀត​គ្នា​ទិញ​ពាក្យ​ប្រឡង​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​បណ្តាល​ឲ្យ​នារី​ម្នាក់​ខ្យល់គរ

13 Aug 2013 18:59|ដោយ៖admin | សេដ្ឋកិច្ច | មើល៖ 2009 | មតិ៖
 

​ខេត្តកណ្តាល​ ៖​ នារី​ម្នាក់​បាន​ដួល​សន្លប់​ស្តូកស្តឹង​ ខណៈ​ដែល​នាង​ឈរ​ប្រជ្រៀត​គ្នា​ក្នុង​ហ្វូង​មនុស្ស​រាប់​ពាន់​នាក់​ ដើម្បី​ទិញ​ពាក្យ​ប្រឡង​នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកណ្តាល​ (​ទួល​ក្រសាំង​)​ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២១B​ក្នុងភូមិ​ព្រែក​សំរោង​៣​ សង្កាត់​តា​ខ្មៅ​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ ។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​មាន​ទីលំនៅ​ក្បែរ​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកណ្តាល​បាន​ឲ្យ​ដឹង​ថា​ នៅ​ម៉ោង​ប្រមាណ​ជា​៤​ទៀប​ភ្លឺ​គេ​ឃើញ​មាន​រថយន្ត​តូច​ធំ​និង​រ៉ឺ​ម៉ក​កង់​បី​ ផ្ទុក​មនុស្ស​ពេញ​ណែន ​ដែល​ខ្លះ​ធ្វើ​ដំណើរ​ពី​ទិស​ខាងជើង​ ខ្លះ​ទៀត​មក​ពី​ខាងត្បូង​តាម​ផ្លូវជាតិ​លេខ​២១​B​ ហើយ​បាន​មក​ឈប់​នៅ​ត្រង់​ចំណុច​មុខ​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកណ្តាល​ ហើយ​នាំ​គ្នា​ឈរ​ត្រៀបត្រា​នៅ​លើ​ចិញ្ចើម​ផ្លូវ​ ដោយ​ក្នុង​ដៃ​មាន​កាន់​ឯកសារ​ និង​និយាយ​ឆ្លើយឆ្លង​គ្នា​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ មានការ​ភ្ញាក់ផ្អើល​ ដោយ​គិត​ថា​មាន​ប្រជាពលរដ្ឋ​បាន​មក​ប្រមូលផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​សាលា​នោះ​ ព្រោះថា​របង​ទ្វារ​សាលា​នៅ​ចាក់សោរ​ជាប់​ ហើយ​ពុំ​ទាន់​មាន​បុគ្គលិក​ ឫ​ក៏​លោកគ្រូ​ អ្នកគ្រូ​ណា​ម្នាក់​ចេញ​មក​សួរនាំ​ដល់​ហ្វូង​មនុស្ស​ ដ៏​ច្រើន​កុះករ​នោះ​ឡើយ​​ ។​

​ប្រជាពលរដ្ឋ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ លុះដល់​ម៉ោង​ប្រមាណ​៧​ព្រឹក​ ចំនួន​មនុស្ស​ដែល​ធ្វើ​ដំណើរ​មក​ឈប់​នៅ​ពីមុខ​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កាន់តែ​មាន​ចំនួន​ច្រើន​ទ្វេ​ឡើង​ រហូត​ដល់​រាប់​ពាន់​នាក់​ ហើយ​មធ្យោបាយ​ធ្វើ​ដំណើរ​របស់​ពួក​គេ​ មាន​រថយន្ត​តូច​ធំ​ម៉ូតូ​កង់​បី​ ម៉ូតូ​ផ្ទាល់ខ្លួន​បាន​មក​ចត​ត្រៀបត្រា​ពេញ​លើ​ដងផ្លូវ​ជាតិ​លេខ​២១​ ពេល​នោះ​ ការ​ភ្ញាក់ផ្អើល​កាន់តែ​មាន​ភាព​ខ្លាំង​ខ្លា​ឡើង​ ធ្វើ​ឲ្យ​ដងផ្លូវ​ជាតិ​លេខ​២១​បេ​ មានការ​កកស្ទះ​ចរាចរណ៍​ណែន​ណាប់​ មិន​អាច​ឆ្លងកាត់​បាន​ រហូត​បណ្តាល​ឲ្យ​នារី​ម្នាក់​ក្នុង​ចំណោម​ហ្វូង​មនុស្ស​ដួល​សន្លប់​ស្តូកស្តឹង​ទៅ​លើ​ដី​ ហើយ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ក៏​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ក៏​ដូច​ជា​កម្លាំង​នគរបាល​ និង​កម្លាំង​ប៉េ​អឹ​ម​ដើម្បី​ចុះ​មក​ធ្វើ​អន្តរាគមន៍​ ។​

​អភិបាលក្រុង​តា​ខ្មៅ​លោក​ បូ​ ណា​រ៉េ​ត​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ ខែសីហា​ ឆ្នាំ​២០១៣​ថា​ ដំបូង​ឡើយ​លោក​ពុំ​បានដឹង​ថា​ មាន​មនុស្ស​ដ៏​ច្រើន​កុះ​កមក​ជួបជុំ​គ្នា​នៅ​មុខ​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកណ្តាល​នោះ​ទេ​ លុះ​ប្រហែលជា​ម៉ោង​៧​ព្រឹក​ទើប​មាន​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​នគរបាល​ក្រុង​តា​ខ្មៅ​ ហើយ​លោក​ក៏​បាន​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​នៅ​ទីនោះ​។​ក្រោយមក​ទើប​ដឹង​ថា​ ហ្វូង​មនុស្ស​ទាំងនោះ​ ជា​ប្រជាពលរដ្ឋ​មក​ទិញ​ពាក្យ​ដើម្បី​ធ្វើ​តេស​ប្រឡង​ភាសា​កូរ៉េ​ ។​

​លោក​អភិបាលក្រុង​បាន​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា​ ការ​ដែល​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកណ្តាល​បាន​ធ្វើការ​លក់​ពាក្យ​ដល់​ប្រជាពលរដ្ឋ​ដើម្បី​ធ្វើ​តេស​ប្រឡង​ភាសា​កូរ៉េ​នោះ​ គឺ​ពុំ​បាន​ផ្តល់​ដំណឹង​ដល់​សមត្ថកិច្ច​ និង​អាជ្ញាធរ​មូលដ្ឋាន​បានដឹង​ឡើយ​ ហើយ​បញ្ហា​នេះ​លោក​ក៏​បាន​រាយការណ៍​ទៅ​អភិបាលរង​ខេត្ត​លោក​នូ​ សា​ខន​ បាន​ជ្រាប​ជា​បន្ទាន់​ផង​ដែរ​ ។​

​មន្ត្រី​នគរបាល​ក្រុង​តា​ខ្មៅ​បាន​ឲ្យ​ដឹង​ថា​ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកណ្តាល​បើកទ្វារ​លក់​ពាក្យ​ប្រឡង​ធ្វើ​តេស​ភាសា​កូរ៉េ​ដល់​ប្រជាពលរដ្ឋ​បង្ករ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​ គឺ​ខាង​មជ្ឈមណ្ឌល់​ពុំ​បាន​ជូនដំណឹង​ ឬ​សុំ​ការ​សហការ​ពី​កងកម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ជួយ​ធ្វើការ​រៀបចំ​សណ្តាប់ធ្នាប់​នោះ​ឡើយ​ ។​ ដោយសារ​តែ​សមត្ថកិច្ច​អាជ្ញាធរ​ពុំ​បានដឹង​ពី​បញ្ហា​នេះ​ ទើប​មាន​ភាព​អនាធិបតេយ្យ​ កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង​ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ធ្វើការ​អន្តរាគមន៍​រៀបចំ​សណ្តាប់ធ្នាប់​ដើម្បី​សម្រួល​ចរាចរណ៍​ឲ្យ​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​ ។​

​យុវជន​ម្នាក់​ដែល​បាន​មក​ឈរ​ នៅ​ខាង​មុខ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកណ្តាល​ក្នុង​ចំណោម​ហ្វូង​មនុស្ស​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នគរវត្ត​ថា​ រូបគេ​ក៏​ដូច​ប្រជាពលរដ្ឋ​ទាំងអស់​មក​ទី​នេះ​ដើម្បី​ទិញ​ពាក្យ​ត្រៀម​ធ្វើ​តេស​ប្រឡង​ភាសា​កូរ៉េ​ ដើម្បី​បាន​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​កូរ៉េ​ ។​ យុវជន​ខាងលើ​បាន​បន្ត​ថា​ ពាក្យសុំ​សិទ្ធ​ប្រឡង​ដែល​ដាក់​លក់​នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកណ្តាល​ នេះ​ មាន​តម្លៃ​២៤​ដុល្លារ​ហើយ​បើ​គិត​ជា​លុយ​រៀល​ខ្មែរ​វិញ​ គឺ​ចំនួន​៩​ម៉ឺន​រៀល​ ក្នុង​មនុស្ស​ម្នាក់​ ។​

​បើ​តាម​ការ​ឲ្យ​ដឹង​ពី​បុគ្គលិក​អ្នកលក់​បង្កាន់ដៃ​ពាក្យសុម​សិទ្ធ​ប្រឡង​នោះ​បាន​ឲ្យ​ដឹង​ថា​ ចំនួន​ដែល​ត្រូវ​ជ្រើសរើស​សម្រាប់​ធ្វើការ​ប្រឡង​តេស​ភាសា​កូរ៉េ​នេះ​ គឺ​មាន​ចំនួន​តែ​ជាង​៧​ពាន់​នាក់​ប៉ុណ្ណោះ​ ។​ ប៉ុន្តែ​បើ​តាម​ការ​ប៉ាន់​ប្រមាណ​របស់​សមត្ថកិច្ច​អាជ្ញាធរ​ដែល​បាន​ចុះ​ទៅ​ធ្វើការ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ទីនោះ​បាន​ឲ្យ​ដឹង​ថា​ ប្រជាពលរដ្ឋ​ដែល​មក​ទិញ​ពាក្យ​នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកណ្តាល​នា​ព្រឹក​ថ្ងៃ​ទី​១៣​ ខែសីហា​ ឆ្នាំ​២០១៣​នេះ​ មិន​តិច​ជាង​ពីរ​ម៉ឺន​នាក់​ឡើយ​ ហើយ​រយៈពេល​លក់​ពាក្យ​នេះ​ គឺ​ពី​ថ្ងៃ​ទី​១៣​ ដល់​ថ្ងៃ​ទី​១៦​ ខែសីហា​ ឆ្នាំ​២០១៣​ ។​

​ដោយសារ​តែ​ការ​កំណត់​បេក្ខជន​សម្រាប់​ធ្វើការ​ប្រឡង​តេស​ភាសា​កូរ៉េ​ដែល​ខាង​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​កំណត់​ឲ្យ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកណ្តាល​ ចែកចាយ​ និង​ដាក់​ពាក្យ​ប្រឡង​នោះ​ គឺ​ចំនួន​ជាង​៧​ពាន់​ច្បាប់​ប៉ុណ្ណោះ​ ប៉ុន្តែ​គ្រាន់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ ខែសីហា​ ឆ្នាំ​២០១៣​ នេះ​ បើ​តាម​ការ​ប៉ាន់ស្មាន​របស់​ស​ត្ថ​កិច្ច​អាជ្ញាធរ​មូលដ្ឋាន​ គឺ​សាលា​បាន​បញ្ចេញ​ពាក្យសុម​សិទ្ធ​ប្រឡង​ធ្វើ​តេស​ភាសា​កូរ៉េ​នោះ​ ដល់​ប្រជាពលរដ្ឋ​មិន​ត​ច​ពី​ពីរ​ម៉ឺន​ច្បាប់​នោះ​ឡើយ​ ដូច្នេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា​ សាលា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកណ្តាល​ កំពុង​ឆ្លៀតឱកាស​ធ្វើ​ជា​ត្រីងៀត​ឆ្លៀត​ពង​ ដើម្បី​កេង​យក​ប្រយោជន៍​ចែក​គ្នា​ដាក់​ហោប៉ៅ​ ។​ ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ​ នគរវត្ត​មិន​អាច​ធ្វើការ​ធ្វើការ​ទំនាក់ទំនង​ទៅ​គណៈ​គ្រប់គ្រង​ម​ជ្ឈ​ល​មណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកណ្តាល​បាន​ ៕​

 
 
 
 
 
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner