ព័ត៌មានថ្មីៗ៖
 

សមាគម​លើក​កម្ពស់​ស្ករត្នោត​មាន​ផែនការ​នាំ​ចេញ​ស្ករត្នោត​ទៅ​កូរ៉េ​ចំនួន​៣០០​តោន​សម្រាប់​ឆ្នាំ​២០១៤

21 Jan 2014 14:07|ដោយ៖phanith | សេដ្ឋកិច្ច | មើល៖ 2629 | មតិ៖
 

ភ្នំពេញ ​៖​ សមាគម​លើកកម្ពស់​ស្ករត្នោត​មាន​ផែនការ​នាំចេញ​ស្ករត្នោត​ទៅ​កូរ៉េ​ចំនួន​ ៣០០​តោន​សម្រាប់​ឆ្នាំ​២០១៤​នេះ ដែល​ការងារ​នេះ​បង្ហាញថា​ស្ករត្នោត​ខ្មែរ​មាន​ទីផ្សារ​ដូច​មុខទំនិញ​កសិផល​ផ្សេងៗ​ទៀត ជួយ​លើកទឹកចិត្ត​ដល់​ប្រជាកសិករ​ផលិត​ស្ករត្នោត​មានការ​ខិតខំ​ពង្រីក​មុខរបរ​នេះ​បន្ថែម​ទៀត។

លោក សំ សារឿន ប្រធាន​សមាគម​លើកកម្ពស់​ស្ករត្នោត​ខេត្ដ​កំពង់ស្ពឺ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៤ នៅក្នុង​សិក្ខាសាលា​ស្តីពី​ការ​លើកកម្ពស់​ផលិតផល​ស្ករត្នោត​ខ្មែរ​នៅ​សណ្ឋាគារ​ភ្នំពេញ​ថា​ ​ មន្ត្រី​ទីភ្នាក់ងារ​ជំរុញ​ពាណិជ្ជកម្ម​វិនិយោគ​កូរ៉េ (Kotra) ដែល​តំណាង​ឲ្យ​ភាគី​ក្រុមហ៊ុន​ផលិត​ម្ហូបអាហារ និង​ភេសជ្ជៈ​របស់​កូរ៉េ​បាន​ធ្វើ​ការពិភាក្សា​ជាមួយ​សមាគម​លើកកម្ពស់​ស្ករត្នោត​ខេត្ដ​កំពង់ស្ពឺ​រួចហើយ ដើម្បី​ទិញ​ស្ករត្នោត​ពី​កម្ពុជា​ចាប់ ពី​២០០​ទៅ ៣០០​តោន នៅ​រដូវ​ស្ករត្នោត​ឆ្នាំ​២០១៤​នេះ។

លោក​បញ្ជាក់​ថា ឥឡូវ​យើង​បាន​ចរចា​​គ្នា​សម្រេច​បាន​ជោគជ័យ​ប្រហែលជា ៨៥​ភាគរយ​ហើយ ប៉ុន្តែ​យើង​ត្រូវការ​ពេលវេលា​ខ្លះទៀត ដើម្បី​ពិភាក្សា​ជាមួយ​សមាជិក​របស់​យើង​ពី​ការកំណត់​នូវ​តម្លៃ​លក់​ឲ្យ​ច្បាស់លាស់ ហើយ​យើង​នឹង​ឆ្លើយតប​ជាថ្មី​ទៅ​ខាង​ភាគី​ក្រុមហ៊ុន​វិញ​នៅ​សប្តាហ៍​ក្រោយ។ លោក​បន្ត​ថា ក្រុមហ៊ុន​នេះ​គឺជា​ក្រុមហ៊ុន​ផលិត​ម្ហូបអាហារ និង​ភេសជ្ជៈ​ដ៏​ធំ​មួយ​របស់​កូរ៉េ ដែល​នាំ​ចេញទៅ​លក់​នៅ​ប្រទេស​ជប៉ុន ហើយ​តាមរយៈ​នាំចេញ ស្ករត្នោត​ពី​កម្ពុជា​នេះ​ដើម្បី​យក​ទៅ​ផលិត​ជា​ភេសជ្ជៈ​ព្រោះថា​ស្ករត្នោត​ខ្មែរ​មានគុណ​ភាពល្អ​ជាង​ស្ករស។

លោក សំ សារឿន បាន​បន្ដ​ទៀត​ថា​ ប្រសិនបើ​ការ​ចរចា​​ទទួល​បាន​ជោគជ័យ​យើង​នឹង​ឈាន​ទៅរក​ការចុះ​កិច្ចព្រមព្រៀង​ជាមួយគ្នា ហើយ​ខាង​ក្រុមហ៊ុន​នឹង​សាងសង់​កន្លែង​រំងាស់​ស្ករ​រួមគ្នា​ដល់​សហគមន៍​អ្នក​ផលិត​នៅ​ដើមខែ​កុម្ភៈ​ខាងមុខនេះ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​កសិករ​អ្នក​ផលិត។

​ស្ករត្នោត​ខេត្ដ​កំពង់ស្ពឺ​ត្រូវ​បាន​ទទួលស្គាល់​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ អំណោយផល ច្រើន​ជាងគេ​នៅ​កម្ពុជា។ បច្ចុប្បន្ន​នេះ សមាគម​លើកកម្ពស់​ស្ករត្នោត​ខេត្ដ​កំពង់ស្ពឺ មាន​សមាជិក​ក្រុមហ៊ុន និង​អង្គការ​អ្នកបញ្ជា​ទិញ​ចំនួន​៦ និង អ្នក​ផលិត​ចំនួន ១៤២​នាក់ ដែល​អាច​មាន​លទ្ធភាព​ផលិត​ស្ករត្នោត​បាន​ពី ២៥០​ទៅ ៣០០​តោន​ក្នុង​មួយឆ្នាំៗ។

តាម​ប្រសាសន៍​លោក យ៉ង សាំង​កុមារ ប្រធាន​អង្គការ​សេ​ដា​ក​បាន​ឲ្យ​ដឹង​ដែរ​ថា​​ វា​ជា​រឿង​ល្អ​ប្រសិនបើ​មាន​ក្រុមហ៊ុន​របស់ ​កូរ៉េ​ចង់​ទិញ​ស្ករត្នោត​ពី​ប្រទេស​កម្ពុជា ហើយ​ការទិញ​នោះ​ក្នុង​តម្លៃ​សមរម្យ។ លោក​បន្ដ​ថា​​ កន្លងមក​ការផលិត និង​កា​រផ្គត់ផ្គង់​ស្ករត្នោត​មានកំណត់ និង​កាន់តែ​ថមថយ ដោយសារតែ​បញ្ហា​តម្លៃ និង​ការប្រកួតប្រជែង​ជាមួយ​ស្ករស​ ជាពិសេស​នោះ គឺ​មុខរបរ​ធ្វើ​ស្ករត្នោត​មានការ​លំបាក ប៉ុន្តែ​លោក​ជឿជាក់​ថា ប្រសិនបើ​ស្ករត្នោត​មាន​ទីផ្សារ​ច្រើន និង​មានតម្លៃ​ខ្ពស់​សមរម្យ​នោះ​ការផលិត​នឹង​កើនឡើង​វិញ។ លោក​បន្ថែម​ថា​ អង្គការ​សេ​ដាក ក៏​ជា​សមាជិក​ទិញ​ស្ករត្នោត​ពី​សមាគម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ​ផង​ដែរ ប៉ុន្តែ​លោក​មិនបាន​បង្ហាញ​ពី​បរិមាណ​ស្ករត្នោត ដែល​អង្គការ​របស់​លោក​ត្រូវ​ទិញ​ពី​សមាគម​លើកកម្ពស់​ស្ករត្នោត​ពី​ខេត្ដ​កំពង់ស្ពឺ​នៅ​ឆ្នាំ​នេះឡើយ។

ទោះជា​យ៉ាងណាក៏ដោយ​បើតាម​លោក សំ សារឿន បាន​ឲ្យ​ដឹង​ដែរ​ថា​ រហូតមក​ទល់នឹង​ពេលនេះ​មាន​ក្រុមហ៊ុន និង​អង្គការ​ចំនួន​៦​ហើយ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​ស្ករត្នោត​ពី​សមាគម​របស់​លោក​ចំនួន ៣៥​តោន សម្រាប់​ឆ្នាំ​២០១៤។ ជាទូទៅ​កសិករ​ចាប់ផ្តើម​ផលិត​ស្ករត្នោត​ចាប់ពី​ខែធ្នូ រហូតដល់ ឧសភា ទើប​អស់​រដូវ​ស្ករត្នោត៕

 
 
 
សុង​យោ
 
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner