ព័ត៌មានថ្មីៗ៖
 

បាល់​ទាត់ ​Hun Sen​ Cup វគ្គ​16​ ក្រុម​ចុង​​ក្រោយ​​ចាប់​ផ្តើម​​ប្រកួត​​ហើយ​

24 Jan 2014 09:10|ដោយ៖phanith | ព័ត៌មានកីឡា | មើល៖ 1752 | មតិ៖
 

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ (Hun Sen-Cup) លើក​ទី​៨​ ឆ្នាំ​២០១៤ វគ្គ​១៦​ក្រុម​ចុង​​ក្រោយ​ បាន​ចាប់​ផ្តើម​ហើយ​ កាល​ពី​ថ្ងៃ​ទី​២២​ មករា ដែល​មាន​៤​ប្រកួត​ស្មើ​នឹង​៨​ក្រុម​ លេង​លើ​ទី​លាន​ចំនួន​២​ គឺ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូ​ឡាំ​ពិក​ និង​ស្តាត​ចាស់​ ។

សម្រាប់​ពូល​ A ដែល​ធ្វើ​ការ​ប្រកួត​នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូ​ឡាំ​ពិក​មាន​២​ប្រកួត​នោះ​ជា​លទ្ធ​ផល​ក្រុម​ចម្ការ​កៅ​ស៊ូ​បឹង​កេត​ បាន​បំបាក់​ក្រុម​ខេត្ត​ក្រចេះ​យ៉ាង​ចាស់​ដៃ​​ក្នុង​លទ្ធ​ផល​១៧​ទល​់​  ១ ។ នៅ​តង់​ទី​១​ ក្រុម​ចម្ការ​កៅ​ស៊ូ​បឹង​កេត​ រក​បាន​គ្រាប់​បាល់​នាំ​មុខ​ក្រុម​ខេត្ត​ក្រចេះ​​១១​ទល់​នឹង​១​បាត់​ទៅ​ហើយ​ លុះ​ចូល​ដល់​តង់​ទី​២​រក​បាន​៦​គ្រាប់​ទៀត រហូត​ដល់​ចប់​ការ​ប្រកួត​រយៈ​ពេល​៩០​នាទី​តែ​ម្តង ។ ១៧​គ្រាប់​ដែល​ក្រុម​ចម្ការ​​កៅ​ស៊ូ​បឹង​កេត​រក​បាន​នោះ​គឺ​បើក​ឆាក​ដោយ​កីឡា​ករ​ សុខ​ ផេង​ ពាក់​អាវ​លេខ​២០​ នៅ​នា​ទី​ទី​១​ ។ កីឡា​ករ​ ឃួន​ ឡា​បូ​រា៉​វី​ ពាក់​អាវ​​លេខ​៩​ បាន​បំបែក​កំណត់​ត្រា​របស់​ខ្លួន​ដោយ​រក​គ្រាប់​បាល់​បាន​រហូត​​ដល់​ទៅ​៩​គ្រាប់​ម្នាក់​ឯង​គឺ​នៅ​នាទី​ទី​៤​,១៨,២៤,២៥,៣៩,​៤៧,៥១,៦០ និង​៨៥ ។ កីឡា​ករ​ ចាន់ វឌ្ឍ​នា​កា​ ពាក់​អាវ​លេខ​១១​ រក​បាន​២​គ្រាប់​នៅ​នាទី​ទី​៣១​ និង​៤១ កីឡា​ករ​ កែវ​ សុខ​ងន ពាក់​អាវ​លេខ​១០​ ក៏​រក​បាន​២​គ្រាប់​ដែរ​គឺ​នៅ​នាទី​ទី​៧និង​៧១, កីឡា​ករ​ ឈុន​ សុធា​រ័ត្ន​ ពាក់​អាវ​លេខ​១៦​រក​បាន​១​គ្រាប់ នៅ​នាទី​ទី​៤៥, កីឡា​ករ​ កែវ​ សុខ​ផេង​ ពាក់​អាវ​លេខ​៧​រក​បាន​១​គ្រាប​់​នៅ​នាទី​ទី​៧០​ ឯ​មួយ​គ្រាប់​ចុង​ក្រោយ​បាន​មក​ពី​ការ​ទាត់​បាល់​ចូល​ទី​ខ្លួន​ឯង​របស់​កីឡា​ករ​ខេត្ត​ក្រចេះ​ ប្រាក់​ សុខ​ជា ពាក់​អាវ​លេខ​៤​នៅ​នាទី​ទី​១១ ។ ចំពោះ​​១​គ្រាប់​របស់​ក្រុម​ខេត្ត​ក្រចេះ​វិញ​ គឺ​រក​បាន​ដោយ​កីឡា​ករ​ ខាន់ ទី​ ពាក់​អាវ​លេខ​១០​ នៅ​នាទី​ទី​៩​ ។ សូម​រំលឹក​ថា ក្រុម​ខេត្ត​ក្រចេះ​ដែល​ឡើង​មក​ពី​តំបន់​ខាង​ជើង​មិន​បាន​ធ្វើ​ការ​លេង​ជម្រះ​ដូច​តំបន់​ដទៃ​ទេ ព្រោះ​មាន​តែ​មួយ​ក្រុម​ម្នាក់​ឯង​ ។

ចំណែក​មួយ​​ប្រកួត​ទៀត​ ក្រុម​ជើង​ឯក​ឆ្នាំ​ចាស់​ Naga Corp ប្រកួត​ឈ្នះ​ក្រុម​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះ​សីហនុ​ក្នុង​លទ្ធ​ផល​៣​ទល់​០ ។ ៣​គ្រាប់​នោះ​រក​បាន​ដោយ​កីឡា​ករ​ពាក់​អាវ​លេខ​៤​ ទៀង​ ទី​នី​ នៅ​នា​ទី​ទី​៣ និង​មួយ​គ្រាប់​ទៀត​មុន​នឹង​បញ្ចប់​តង់​ទី​១​ រក​បាន​ដោយ​កីឡា​ករ​ពាក់​អាវ​លេខ​២៣ ស៊ុន​ សុបញ្ញា នៅ​នាទី​ទី​៣៦ ។ ចូល​ដល់​តង់​ទី​២​ក្រុម​ Naga Corp មាន​ការ​លំបាក​បន្តិច​ក្នុង​ការ​រក​គ្រាប់​បាល់​បន្ថែមទៀត​ ដោយ​សារ​ក្រុម​កង​​រាជ​អាវុធ​ហត្ថ​ខេត្ត​​ព្រះ​សីហនុ​ប្រឹង​ប្រែង​លេង​សម្រុក​ ដើម្បី​រក​គ្រាប់​បាល់​សង​វិញ​យា៉ង​ស្វិត​ស្វាញ​ជា​ទី​បំផុត​ ទាល់​តែ​ដល់​នាទី​ទី​៨០​ ទើប​ក្រុម​ Naga Corp រក​បាន​គ្រាប់​បាល់​១​គ្រាប់​ចុង​​ក្រោយ​ដែល​ធ្វើ​បាន​សម្រេច​ដោយ​កីឡា​ករ​ សាន ណា​រិទ្ធ​ ពាក់​អាវ​លេខ​៨ ។ ចប់​ការ​ប្រកួត​ក្រុម​ Naga Corp ឈ្នះ​ក្រុម​ខេត្ត​ព្រះ​សីហនុ​៣​ទល់​០ ។ សម្រាប់​ការ​ប្រកួត​នៅ​ទី​លាន​ស្តាត​ចាស់​របស់​ពូល​ D វិញ​ ក្រុម​បៀល​ប្រាយ​យូ​ណាយ​ធីត​ ប្រកួត​ឈ្នះ​ក្រុម​ខេត្ត​ឧត្តរ​មាន​ជ័យ​តំបន់​កណ្តាល​​៨​ទល់​០ ។ មួយ​ប្រកួត​ទៀត​ក្រុម​ក្រសួង​ការ​​ពារ​ជាតិ​ ប្រកួត​ឈ្នះ​ក្រុម​ Western Uni FC ក្នុង​លទ្ធ​ផល​៣​ទល់​០ ។

សូម​បញ្ជាក​​់​ថា ការ​ប្រកួត​បាល់​ទាត់​ Hun Sen Cup ២០១៤ នេះ ចាប់​ផ្តើម​ធ្វើ​តាំង​ពី​​ថ្ងៃ​ទី​៨​ មករា និង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៥​ មីនា ឆ្នាំ​២០១៤ ខាង​មុខ ។ ការ​ប្រកួត​បន្ត​ទៀត​​ នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​២៩ មករា ដោយ​មាន​ពីរ​ពូល​គឺ​ពូល​ C និង​ពូល​ B ។ សម្រាប់​ពូល​ C ការ​ប្រកួត​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ដែល​មាន​ក្រុម​ភ្នំពេញ​ក្រោន​ ប្រកួត​ជាមួយ​ក្រុម​ត្រាយ​អាសីុ​ (ខេត្ត​កណ្តាល​) និង​មួយ​ប្រកួត​ទៀត​ក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ ប្រកួត​ជាមួយ​ក្រុម​ខេត្ត​កំពង់​ឆ្នាំង​នៅ​ទី​លាន​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូ​ឡាំ​ពិក​ ។ ចំណែក​ពូល​ B ដែល​ធ្វើ​ការ​ប្រកួត​នា​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ នៅ​ទីលាន​ស្តាត​ចាស់​វិញ​ គឺ​ក្រុម​ខេត្ត​ស្វាយ​រៀង​ប្រកួត​ជាមួយ​ក្រុម​ខណ្ឌ​ចំការ​មន​ និង​មួយ​ប្រកួត​ទៀត​ក្រុមគីរី​វង់​សុខ​សែន​ជ័យ​ ប្រកួត​ជាមួយ​ក្រុម​សាកល​វិទ្យា​ល័យ​អាសីុ​អឺ​រ៉ុប​ ។ ដូច្នេះ​សូម​រង់​ចាំ​មើល​ថា តើ​ក្រុម​ណា​មាន​សំណាង​​ឆ្លង​ផុត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នេះ​បាន​?

 
 
ផានិត
 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner