ព័ត៌មានថ្មីៗ៖
 

ប្រជាកសិករ​នៅ​សង្កាត់​ជ្រាវ​និយម​ដាំ​ដុះ​ទទួល​បាន​កំ​រៃ​ច្រើនជាង​ធ្វើ​ចំណាកស្រុក​

25 Jan 2014 11:26|ដោយ៖phanith | កសិកម្ម | មើល៖ 4537 | មតិ៖
 

សៀមរាប ៖ បងប្អូន​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប កំពុងតែ​កាក់កប​ទៅ​នឹង​ដំណាំ​ដាំ​ដុះ​ជា​លក្ខណៈ​គ្រួសារ​ដែល​មាន​ដី​នៅ​ទំនេរ​ជាប់​ផ្ទះ​និង​ដីចំការ​របស់​គាត់​ដើម្បី​រួមចំណែក​ទប់ទល់​ទៅ​នឹង​ការ​ចំណាយ​ប្រចាំថ្ងៃ ព្រមទាំង​ចិញ្ចឹម​កូនៗ​ឲ្យ​បាន​ចូល​សាលារៀន​គ្រប់ៗ​គ្នា ជាជាង​ទុក​ពេល​ទំនេរ​ឥតប្រយោជន៍ ឬក៏​មិន​ទៅ​ធ្វើ​ចំណាកស្រុក​​។​

កំពុង​ដើរកាត់​ផ្កា​ខាត់ណា​បងស្រី​ឈ្មោះ គង់ ស្រី​រស់នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប គាត់​បាន​ញញឹមញញែម​ពីរ​នាក់​ប្ដី​គាត់​ខណៈ​ពេល​ដែល​គាត់​កំពុងតែ​ប្រមូល​ផល​ខាត់ណា​បាន​ច្រើន​យក​ទៅ​លក់​នៅ​ទីផ្សារ ដើម្បី​បាន​កំ​រៃ​យក​មក​ផ្គត់ផ្គង់​គ្រួសារ។​បងស្រី គង់ ស្រី បាន​ប្រាប់​ថា បន្ទាប់​ពី​ធ្វើ​ផ្ទះ​រួចរាល់ នៅសល់​ដី​ទំនេរ​ជាប់​ផ្ទះ​គាត់​ក៏​នាំគ្នា​ពីរ​នាក់​ប្ដី​ប្រពន្ធ​មិន​បង្អង់​យូរ​ចាប់​យក​ការ​ដាំដុះ​ធ្វើ​ជា​អាជីព​ជាជាង​ឲ្យ​ប្ដី​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ព្រោះ​កន្លងទៅ​ប្ដី​របស់​គាត់​ធ្លាប់​ទៅ​ម្ដង​រួច​មក​ហើយ គឺ​នៅ​សល់​តែ​គូថ​ទទេ​មកវិញ​ប៉ុណ្ណោះ។​បងស្រី​បន្ដ​ទៀត​ថា ដី​នៅ​ទំនេរ​របស់​គាត់​មាន​ទំហំ​៥០x៤៨ ហើយ​ក្នុង​១​ឆ្នាំ​គាត់​ដាំ​បាន​៣​លើក​ក្នុង​នោះ​លើក​ទី​១​ដាំ​ខាត់ណា ទី​២ ដាំ​ត្រសក់ ទី​៣ ដាំពោត ហើយ​បើ​ឆ្នាំ​ណា​អត់​លិច​ទឹក គាត់​អាច​ដាំ​បាន​លើស​ពី​នេះ​ទៀត ហើយ​ក្នុង​១​លើកៗ ទទួល​បាន​ផល​ច្រើន​គួរសម​ដែរ គឺ​២​លាន​ទៅ​៣​លាន​រៀល។

ចំណែក​បងប្រុស ហេង អុល​ ត្រូវជា​ប្ដី​បងស្រី​ខាងលើ​គាត់​បាន​ប្រាប់​ថា ក្នុង​១​ថ្ងៃ​គាត់​ស្រោច​ទឹក​ពីរ​ដង ព្រឹក​និង​ល្ងាច ហើយ​ការ​ដាក់​ជី​វិញ​នោះ​គឺ​គាត់​ប្រើ​តែ​ជី​អាចម៌​គោ​ប៉ុណ្ណោះ​មិន​ប្រើ​ជីគីមី​ទេ ដូច្នេះហើយ​ធ្វើ​ឲ្យ​ដី​ដាំ​ដុះ​របស់​គាត់​មាន​ភាព​ទន់​ធូរ ហើយ​ដំណាំ​ដាំ​ដុះ​ទទួល​បាន​ទិន្នផល​ល្អ​គ្រប់​រដូវ។​សូម​បញ្ជាក់​ផង​ដែរ​ថា ស្រប​ពេល​ដែល​ដី​ឡើងថ្លៃ​យ៉ាងណាក្ដី​ក៏​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ជ្រាវ មិន​ងាយ​លក់​ដីស្រែ​ឬ​ដី​ភូមិ​របស់​គាត់​ឬ​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​ដែរ​ពោលគឺ ពួកគាត់​នៅ​ប្រកប​របរ​ដាំ​ដុះ​ដើម្បី​រួមចំណែក​ជួយ​ទប់ទល់​ការ​ចំណាយ​ផ្សេងៗ​ក្នុង​គ្រួសារ ហើយ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​មិន​ចំណាយ​ពេលទំនេរ​ឥតប្រយោជន៍​នោះ​ដែរ​៕

 
 
កុសល
 
 
 

បញ្ជេញមតិ

ព័ត៌មានវីដីអូប្រចាំថ្ងៃ

 
Banner